ព័ត៌មានអន្តរជាតិ

លោក គីស៊ីដា ជំរុញឲ្យចិន លុបចោលការហាមឃាត់ការនាំចូល​លើអាហារសមុទ្រជប៉ុន

រូបភាពពី៖​ Kyodo

ហ្សាកាតា៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីចិនលោក Li Qiang លុបចោលការហាមឃាត់ការនាំចូលរបស់ទីក្រុងប៉េកាំង លើអាហារសមុទ្រជប៉ុន ខណៈដែលភាពតានតឹងនៅតែបន្តកើតមានរវាងប្រទេសទាំងពីរជុំវិញការបញ្ចេញទឹកវិទ្យុសកម្ម ដែលបានព្យាបាលពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលខូចចូលទៅក្នុងសមុទ្រ។

ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង មេដឹកនាំបានធ្វើការសន្ទនាខ្លីមួយក្នុងទីក្រុងហ្សាកាតា ជាកន្លែងដែលពួកគេកំពុងចូលរួមកិច្ចប្រជុំទាក់ទងនឹងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃអង្គារ។

លោក គីស៊ីដា ក៏បានប្រាប់លោក Li ថា ជប៉ុន និងចិន ចាំបាច់ត្រូវកសាងទំនាក់ទំនង “ស្ថាបនា និងស្ថិរភាព” ខណៈពេលដែលការពន្យល់ពីគោលជំហររបស់ជប៉ុន លើការបញ្ចេញទឹក ដែលបានចាប់ផ្តើមកាលពីចុងខែមុន នេះបើយោងតាមក្រសួងការបរទេសជប៉ុន។

ប្រទេសចិន បានប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះវា ហើយបានហាមឃាត់ការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជប៉ុន ចាប់តាំងពីពេលនោះមក ដោយបានហៅទឹកថា “កខ្វក់ដោយនុយក្លេអ៊ែរ”។ ក្រោយការសន្ទនា ពួកគេបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូក៣ ដែលមានការចូលរួមពីកូរ៉េខាងត្បូងផងដែរ។

លោក Li បានប្រាប់អង្គប្រជុំថា ប្រទេសជប៉ុន គួរតែដោះស្រាយបញ្ហានេះដោយការទទួលខុសត្រូវ ដោយអំពាវនាវឱ្យប្រទេសនេះបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន និងពិគ្រោះយោបល់ឱ្យបានពេញលេញជាមួយប្រទេសជិតខាង និងអ្នកពាក់ព័ន្ធរបស់ខ្លួន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top