ព័ត៌មានជាតិ

ក្រោយវិលត្រឡប់ ពីចូលរួមកិច្ចប្រជុំកំពូល អាស៊ានភ្លាម សម្តេច ហ៊ុន ម៉ាណែត ចុះជួបកម្មករនៅខេត្តកំពង់ស្ពឺភ្លែត

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃស្អែកទី៩ ខែកញ្ញានេះ នឹងបន្តបេសកកម្មចុះសំណេះសំណាល ជាមួយកម្មករជិត ២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជំនួបនេះ គឺធ្វើឡើងភ្លាមៗក្រោយ សម្តេចធិបតី បានវិលត្រឡប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នៅប្រទេសឥណ្ឌូនេស៊ីកាលពីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ។ ជំនួបដែលធ្វើឡើងលើកទី៣នេះ មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៤ គីឡូម៉ែត្រ ៣១-៣២ ស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជំនួបនេះ ជាលើកទីបីក្នុងបេសកកម្ម ជួបកម្មកររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបន្តចុះសួរសុខទុក្ខកម្មករ ដោយលើកទី១ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែសីហា នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មានកម្មករនិយោជិតចូលរួមចំនួន ១៨,០១៣នាក់ លើកទី២ ធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ និយោជិតចូលរួម ១៨,២៨៩នាក់ ។

សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចង្អុលបង្ហាញ ការងារអាទិភាពចំនួន៦ ជូនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងឆ្នាំ២០២៣នេះដែលរួមមាន ៖

ទី១៖ ខិតខំសម្របសម្រួល ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ ដោយឈរ លើលក្ខណៈវិទ្យាសាស្ត្រ និងលក្ខណៈវិនិច្ឆ័យ ដែលមានចែងក្នុងច្បាប់ ស្តីពីប្រាក់ឈ្នួលអប្បបរមា ឱ្យបានមុនពេលឈប់ សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

ទី២៖ រៀបចំលិខិតបទដ្ឋានគតិយុត្តិជាបន្ទាន់ ដើម្បីត្រៀមដាក់ឱ្យដំណើរ ការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុង បន្ទុកសមាជិក ប.ស.ស. ដើម្បីជួយសម្រាលបន្ទុក ចំណាយផ្នែកថែទាំសុខភាពរបស់កម្មករនិយោជិត និងក្រុមគ្រួសារឱ្យបានលឿន និងត្រូវផ្សព្វផ្សាយ ឱ្យបានទូលំទូលាយដល់កម្មករនិយោជិត ព្រមទាំងបង្កើតយន្តការងាយ ស្រួលសម្រាប់កម្មករ និយោជិតអាចចូលរួមជាមួយនឹងកម្មវិធីនេះ ។
ទី៣៖ រៀបចំដាក់ឱ្យដំណើរការកម្មវិធី បណ្ដុះបណ្តាលជំនាញ បច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួន ប្រមាណ ១.៥លាននាក់ និងសម្របសម្រួលជាមួយ ភាគីពាក់ព័ន្ធអនុញ្ញាតឱ្យកម្មករ និយោជិតអាចចូលរៀន ជំនាញវិជ្ជាជីវៈផងដែរ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព ការងារនៅកន្លែងការងារ ដោយត្រូវរៀបចំវគ្គបណ្តុះបណ្តាលនៅវេនពេលយប់ ឬចុងសប្ដាហ៍។

ទី៤៖ ត្រូវជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូន ជាងឱ្យបានពេញលេញស្រប តាមច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលកម្មវិធីហាត់ការ កម្មសិក្សា កម្មវិធីបង្កើនជំនាញ និង ការរៀបចំជំនាញឡើងវិញ ដោយលើកទឹកចិត្តវិស័យឯកជន ចូលរួមអនុវត្តកាតព្វកិច្ចក្នុងការ បណ្តុះបណ្តាលកម្មករ និយោជិត និងផ្ដល់ការបណ្តុះបណ្តាលបន្ថែម ដល់កម្មករនិយោជិតដែលកំពុងធ្វើការ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ បង្កើនផលិតភាព និងលទ្ធភាព នៃការបង្កើន ប្រាក់ឈ្នួល។

ទី៥៖ យកចិត្តទុកដាក់ការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេល សម្រាលកូនឱ្យបានល្អ និងកាន់តែមានភាពងាយស្រួល ។ ហើយក៏ត្រូវធានាផងដែរថា ស្ត្រីមានផ្ទៃពោះ និងជនមានពិការ ភាពបានចេញធ្វើការមុន ១៥នាទី។
និងទី៦៖ បង្កើតឱ្យមានកម្មវិធីប្រកួតប្រជែង លើប្រធានបទ ភាពសុខដុមរមនានៅកន្លែងធ្វើការ ដើម្បីប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្ដមួយ ចាប់ពីឆ្នាំ២០២៤នេះតទៅ ។

បន្ថែមពីនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំផែនការសកម្មភាពក្នុងរយៈពេលពីរឆ្នាំខាងមុខ ឱ្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈយកចិត្តទុកដាក់អនុវត្តន៍លើការងារអាទិភាពចំនួន៤ទៀតរួមមាន៖ ទី១៖ សហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ដោយមានការចូលរួមទ្រទ្រង់ ពីនិយោជក និងភាគីពាក់ព័ន្ធនានា ។
ទី២៖ សហការ ជាមួយភាគី ពាក់ព័ន្ធជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាន នៅតាមរោងចក្រ ដែលកំពុងដំណើរការ ឱ្យបានសមរម្យ សម្រាប់កម្មករនិយោជិត និងតម្រូវឱ្យមានការរៀបចំកន្លែងហូបបាយ ឬអាហារដ្ឋានសម្រាប់រោងចក្រ ដែលត្រូវបង្កើតថ្មី ។
ទី៣៖ សហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្ត ឱ្យមានការផ្លាស់ប្ដូរជាបណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និង ផាសុកភាពជាងមុនត្រឹមឆ្នាំ២០២៧ ។

និងទី៤៖ ជំរុញកម្មវិធីធ្វើតេស្ត ទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់កម្មករនិយោជិត ទាំងក្នុង និងក្រៅប្រទេសអាចមាន វិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និងកម្រិតជំនាញរបស់ខ្លួន៕

To Top