ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើកូរ៉េ លើកកម្ពស់កម្រិតទំនាក់ទំនងកម្ពុជា-កូរ៉េ​ ឱ្យ​ឈាន​ដល់​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

រូបភាព៖ នាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើលោក​ គីម ជីន ព្យូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ លើកកម្ពស់កម្រិតទំនាក់ទំនង កម្ពុជា-កូរ៉េ ឲ្យឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។

ការស្នើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បែបនេះ ធ្វើឡើង ក្នុងជំនួបរវាងសម្តេច និងលោក គីម ជីន ព្យូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នាវិមានសន្តិភាព នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ។

ក្នុងជំនួបនោះ សម្តេចធិបតី បានថ្លែងអំរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលតែងគាំទ្រកិច្ចអភិវឌ្ឍរបស់កម្ពុជា និងបានញ្ជាក់ថា ការរីកច្រើនរបស់កម្ពុជា សព្វថ្ងៃនេះ គឺមិនអាចកាត់ផ្តាច់ចេញពីការគាំទ្រ របស់រដ្ឋាភិបាល និងប្រជាជនកូរ៉េនោះឡើយ ។

ក្នុងនោះដែរ សម្តេចធិបតី និងប្រធានរដ្ឋសភាកូរ៉េ បានពិភាក្សាអំពី ការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ចំពោះវិស័យយោធា សេដ្ឋកិច្ច និងការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើ ដល់លោក គីម ជីន ព្យូ លើកកម្ពស់កម្រិតនៃទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ឲ្យក្លាយទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានស្នើដល់ភាគីកូរ៉េ ពង្រីកបន្ថែមនូវទំនាក់ទំនង​ រវាងកងទ័ពនៃប្រទេសទាំងពីរ ដូចជា ដំណើរទស្សកិច្ចរបស់កងនាវា នៃកងទ័ពជើងទឹកកូរ៉េ មកកាន់កម្ពុជា ជាដើម ៕

To Top