ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការចូលរួមកិច្ចប្រជុំ នៅឥណ្ឌូនេស៊ី មិនមែនទៅសម្ញែង គឺដើម្បីប្រយោជន៍ជាតិ

រូបភាពដើមអម្ពិល

កំពង់ស្ពឺ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ថ្នាក់ដឹកនាំបណ្ដា ប្រទេសនានា រួមទាំង សម្ដេចដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៅឥណ្ឌូនេស៊ី នាពេលកន្លងទៅនេះ មិនមែនទៅសម្ដែង ឬសម្ញែងនោះទេ គឺជាបេសកកម្មមួយ ដើម្បីប្រយោជន៍ជាតិ ។

តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលថ្មីៗនេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី ។ កិច្ចប្រជុំកំពូលអាស៊ាននេះ គឺជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ប្រទេសតំបន់អាស៊ីអាគ្នេយ៍ និងដៃគូសន្ទនា ក្នុងការជជែកដោះស្រាយ បញ្ហាទាំងឡាយ។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសនានា ក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូល នៅឥណ្ឌូនេស៊ី មានភាពមមាញឹកជាខ្លាំង រហូតដាច់បាយក៏មាន។ សម្ដេច ថា បេសកកម្មរបស់សម្តេច នៅឥណ្ឌូនេស៊ី ក៏ដើម្បីបង្ហាញជំហររបស់កម្ពុជា លើបញ្ហានានាទាំងក្នុងតំបន់ និងលើពិភពលោក។

សម្តេចធិបតី បញ្ជាក់ថា «ថ្នាក់ដឹកនាំប្រទេសនីមួយៗ រួមទាំងខ្ញុំ ជាតំណាងកម្ពុជា យើងទៅនេះ មិនមែនដើម្បីសម្ដែង សម្ញែងនោះទេ ប៉ុន្ដែទៅនេះ គឺធ្វើការងារសំខាន់ៗ ដើម្បីប្រទេស»។

សម្តេចធិបតី បន្ដថា ថ្នាក់ដឹកនាំប្រទេសផ្សេងៗទៀត រួមទាំងកម្ពុជា បានធ្វើកិច្ចការងារធំៗ ចំនួន៣ នៅពេលកិច្ចប្រជុំកំពូល អាស៊ាននេះ។ សម្ដេច បន្ថែមថា បណ្ដាប្រទេសនានា បានស្គាល់កម្ពុជា ស្មើមុខ ស្មើមាត់ ហើយអត់មានរៀបចំកៅអី ឱ្យកម្ពុជាអង្គុយនៅកន្ទុយឡើយ គឺអង្គុយតុមូលទាំងអស់គ្នា ។

សម្តេចធិបតី បន្ថែមទៀតថា ទាំងនេះបញ្ជាក់ឱ្យឃើញថា កម្ពុជា ទោះបីមានរាជរដ្ឋាភិបាល ផ្លាស់ប្ដូរក៏ដោយ ប៉ុន្ដែកម្រិតការទូតរបស់កម្ពុជា គឺនៅដដែល ស្មើភាពជាមួយបណ្ដាប្រទេសទាំងអស់៕

To Top