ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទ ជាមួយ លោក មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស ប្រធានាធិបតី នៃសាធារណរដ្ឋគុយបា បានគាំទ្រ និងជំរុញឱ្យរៀបចំកិច្ចពិគ្រោះយោបល់ នយោបាយ លើកទី៣ រវាងកម្ពុជា និងប្រទេសគុយបា ដើម្បីជំរុញការអនុវត្ត អនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា ។
ជំនួបពិភាក្សាការងារ រវាងមេដឹកនាំទាំងពីរ ធ្វើឡើងកាលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅខុទ្ទកាល័យ នាយករដ្ឋមន្ត្រី ក្រុងតាខ្មៅ ខណៈដែលចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កាន់តែត្រូវបានពង្រឹង និងលើកកម្ពស់ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចដែលឆ្លុះបញ្ចាំង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការជួបពិភាក្សាការងារ ជាញឹកញាប់ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ។
នាឱកាសនោះសម្តេចធិបតី ហ៊ុនម៉ាណែត បានសម្តែងនូវការអរគុណ ចំពោះជំនួយឧបត្ថម្ភ និងការគាំទ្ររបស់គុយបា ក្នុងអំឡុងពេល ដែលកម្ពុជា ជួបប្រទះនូវការលំបាកបំផុត ជាពិសេសនៅក្រោយថ្ងៃរំដោះចេញ ពីរបបខ្មែរក្រហម ដែលទាំងអស់នេះ ពិតជាបានឆ្លុះបញ្ចាំង អំពីទំនាក់ទំនង ប្រកបដោយសាមគ្គីភាព និង មិត្តភាពដ៏រឹងមាំ រវាងប្រទេស និងប្រជាជនទាំងពីរ ។
ក្នុងជំនួបនោះ សម្តេចធិបតី បានអះអាងអំពីស្មារតី នៃការបន្ត និងពង្រឹងកិច្ចសហប្រត្តិការល្អ នៅក្នុងវិស័យដែលមានស្រាប់ ព្រមជាមួយនឹងទិសដៅ ក្នុងពង្រីកបន្ថែម នៅក្នុងវិស័យសក្តានុពលផ្សេងៗទៀត។
សម្តេចធិបតី បានលើកឡើងថា “គាំទ្រ និងជំរុញឱ្យមានការរៀបចំ កិច្ចពិគ្រោះយោបល់នយោបាយ លើកទី៣ រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ នៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីជំរុញការអនុវត្ត អនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា ដែលត្រូវបានចុះហត្ថលេខារួច ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់”។
ជាមួយគ្នានេះ ប្រធានាធិបតី នៃសាធារណរដ្ឋគុយបា ក៏បានគូសបញ្ជាក់ឡើងវិញ អំពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដោយផ្អែកលើទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ និង អំពីការបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាពហុភាគីនានាផងដែរ៕