បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានអំពាវនាវឱ្យមានការពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគីជាមួយប្រទេសអ៊ីរ៉ាក់ ដើម្បីប្រឆាំងនឹងចលនាដោយក្រុមភេរវករផ្តាច់ខ្លួននៅក្នុងតំបន់រ Kurdistan ក្នុងប្រទេសអ៊ីរ៉ាក់។
Raisi បានធ្វើការកត់សម្គាល់នេះនៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោកMohammed Shia ‘al-Sudaniហើយ ក្នុងអំឡុងពេលនោះលោកក៏បានសង្កត់ធ្ងន់ថា ចលនាណាមួយដោយក្រុមភេរវករផ្តាច់ខ្លួន ដើម្បីបំផ្លាញសន្តិសុខក្នុងតំបន់មិនអាចអត់ឱនឱ្យបានទេ។
ចំណែកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់វិញ បាននិយាយថា រដ្ឋាភិបាលអ៊ីរ៉ាក់ ចាត់ទុកសន្តិសុខរបស់អ៊ីរ៉ង់ ថា មានសារៈសំខាន់ជារបស់ខ្លួន ហើយប្តេជ្ញាទាំងស្រុងក្នុងការប្រយុទ្ធប្រឆាំងនឹងអ្នក ដែលប៉ុនប៉ងបំផ្លាញសន្តិសុខយូរអង្វែងនៅក្នុងតំបន់។
គួរឲ្យដឹងដែរថាតំបន់ Kurdistan ដែលជាតំបន់ពាក់កណ្តាលស្វយ័តនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ មានជំរំ និងមូលដ្ឋានប្រតិបត្តិការដោយក្រុមជនជាតិឃឺដជាច្រើន ដែលអ៊ីរ៉ង់ ចាត់តាំងជា ភេរវករផ្តាច់ខ្លួន៕ ប្រែសម្រួល៖ស៊ុនលី