ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ថា ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ បានរញ្ជួយនៅខេត្ត Sulawesi ស្ថិតនៅភាគកណ្តាលនៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍ ប៉ុន្តែមិនបានបង្កជារលកយក្សស៊ូណាមិ នោះទេ ។
គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង២១និង៤៣នាទី ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៤និង៤៣នាទីម៉ោងសកល ជាមួយនឹងចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយ៤៩គីឡូម៉ែត្រភាគពាយព្យនៃតំបន់ Donggala Regency និងមានជម្រៅ ២០គីឡូម៉ែត្រស្ថិតនៅក្រោមបាតសមុទ្រ ។
ទីភ្នាក់ងារខាងលើបានឲ្យដឹងថា គ្រោះរញ្ជួយដីមិនមានសក្ដានុពលណាមួយដែលអាចបង្កជារលកយក្សស៊ូណាមិឡើយ ។
លោក Muhammad Fikri មន្ត្រីមកមជ្ឈមណ្ឌលទិន្នន័យ និងព័ត៌មាន នៃទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយខេត្តខាងលើបានបញ្ជាក់ថា យ៉ាងណាមិញ ពួកគេបាននាំអ្នកស្រុកនៃភូមិចំនួន២ដែលស្ថិតនៅក្នុងតំបន់ឆ្នេរនៃតំបន់គ្រប់គ្រងដើម្បីធ្វើការភៀសខ្លួនចេញហើយ ។
លោកបានប្រាប់ដល់ទីភ្នាក់ងារ Xinhua តាមទូរស័ព្ទថា “អ្នកភូមិជាង១.០០០នាក់បានរត់គេចពីតំបន់ឆ្នេរ ដោយសារការភ័យខ្លាចនៃការរញ្ជួយដីដែលអាចកើតមាន” ។ គាត់បានឲ្យដឹងទៀតថា ចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់ក្រោយពីមានគ្រោះរញ្ជួយដីកើតឡើង ហើយទូរគមនាគមន៍ក៏ត្រូវបានរំខានផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា