រ៉ាបាត៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ ប្រទេសម៉ារ៉ុក បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល៣ថ្ងៃក្រោយពីមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារមកលើព្រះរាជាណាចក្រមួយនេះកាលពីយប់ថ្ងៃសុក្រ ។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរាជវង្ស បន្ទាប់ពីស្តេចម៉ារ៉ុក ព្រះបាទ Mohammed VI ទ្រង់បានដឹកនាំកិច្ចប្រជុំស្តីពីគ្រោះមហន្តរាយបានឱ្យដឹងថា ទង់ជាតិនឹងហោះហើរពាក់កណ្តាលបង្គោលនៅតាមទីកន្លែងសាធារណៈទាំងអស់នៅក្នុងអំឡុងពេលនៃការកាន់ទុក្ខថ្នាក់ជាតិ ។
គ្រោះរញ្ជួយដីកម្រិត៦,៨រ៉ិចទ័របានវាយប្រហារប្រទេសម៉ារ៉ុកកាលពីថ្ងៃសុក្រវេលាម៉ោង១១និង១១នាទីយប់ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២២និង១១នាទីម៉ោងសកល ដែលមានជម្រៅ១៨,៥គីឡូម៉ែត្រ ។
ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS)បានឲ្យដឹងថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីគឺស្ថិតនៅជិតទីក្រុង Ighil ក្នុងខេត្ត Al Haouz ចម្ងាយប្រហែល៧០គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Marrakesh ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីនេះបានសម្លាប់មនុស្សអស់២.០១២នាក់ និងរបួស២.០៥៩នាក់ ដោយក្នុងនោះចំនួន១.៤០៤ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។ នេះបើយោងតាមការផ្សព្វផ្សាយព័ត៌មានថ្មីជាចុងក្រោយពីក្រសួងមហាផ្ទៃរបស់ប្រទេសម៉ារ៉ុក ដែលបានឲ្យដឹងកាលពីថ្ងៃសៅរ៍ ។
ប្រទេសម៉ារ៉ុក មិនធ្លាប់ជួបគ្រោះមហន្តរាយធ្ងន់ធ្ងរដល់ច្រើនរ៉ិចទ័របែបនេះនោះទេគិតចាប់តាំងពីឆ្នាំ២០០៤នៅគ្រានោះមានការរញ្ជួយដីកម្រិត៦,៣រ៉ិចទ័រដោយបានវាយប្រហារមកលើទីក្រុងកំពង់ផែ Al Hoceima ដោយបានសម្លាប់មនុស្សប្រហែល ៦៣០នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា