ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលបម្រើការងារយូរបំផុត របស់ប្រទេសសិង្ហបុរី បានទទួលមរណភាពក្នុងវ័យ ៩៦ឆ្នាំ

AFP

សិង្ហបុរី៖ លោកបណ្ឌិត Richard Hu ដែលបម្រើការជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី អស់រយៈពេល១៦ឆ្នាំ បានទទួលមរណភាពកាលពីថ្ងៃសុក្រ ដោយគាត់មានវ័យ ៩៦ឆ្នាំ ។

គេបានដឹងថា លោកបណ្ឌិត Hu បានចូលប្រឡូកនៅក្នុងឆាកនយោបាយ ជាលើកដំបូងនៅក្នុងឆ្នាំ១៩៨៤ បន្ទាប់ពីបានចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតសកលក្នុងនាម ជាសមាជិកនៃគណបក្សសកម្មភាព ប្រជាជនសម្រាប់មណ្ឌលបោះឆ្នោត Kreta Ayer ជាកន្លែងដែលគាត់ត្រូវបានបោះឆ្នោត ជ្រើសរើសជាសមាជិកសភា ។

ក្រោយមកគាត់បានក្លាយជា សមាជិកសភាដំបូងគេបង្អស់ ដែលត្រូវបានតែងតាំងនៅ ក្នុងគណៈរដ្ឋមន្ត្រីបន្ទាប់ពីការបោះឆ្នោត របស់គាត់បានទទួលជ័យជម្នះ ហើយត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ។

នៅក្នុងឆ្នាំ១៩៨៥ លោកវេជ្ជបណ្ឌិត Hu បានក្លាយជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលតួនាទីដែលគាត់កាន់រហូតដល់ឆ្នាំ ១៩៨៧ និងបានធ្វើជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលជាផលប័ត្រដែលគាត់បានកាន់ តំណែងអស់រយៈពេល១៦ឆ្នាំ រហូតដល់ឆ្នាំ២០០១ ។

លោកឧបនាយករដ្ឋមន្ត្រី Lawrence Wong បានឲ្យដឹងនៅក្នុងការបង្ហោះ នៅលើបណ្តាញសង្គម Facebook ដោយបានគោរពដល់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលបានកាន់តំណែងយូរជាង គេបំផុតរបស់ប្រទេសសិង្ហបុរី ។

លោក Wong បានថ្លែងថា “គាត់បានគ្រប់គ្រងហិរញ្ញវត្ថុ របស់យើងបានយ៉ាងល្អ ហើយបានធ្វើឲ្យមានភាពរឹងមាំ ដើម្បីដឹកនាំសេដ្ឋកិច្ចរបស់យើងឱ្យ ឆ្លងកាត់វិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧” ។

ដោយទទួលស្គាល់នូវជំហររបស់លោកបណ្ឌិត Hu នៅអាជ្ញាធររូបិយវត្ថុសិង្ហបុរី ហៅកាត់ថា (MAS) និងសាជីវកម្មវិនិយោគរដ្ឋាភិបាល ហៅកាត់(GIC) លោក Wong បានថ្លែងទៀតថា លោក “បានផ្តល់សេវាកម្មពិសេសដល់អង្គការទាំង២ ដោយតែងតែបំពេញភារកិច្ច របស់គាត់ប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយគុណធម៌” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top