ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យនីហ្សេ ថា បារាំង កំពុងរៀបចំផែនការ ធ្វើអន្តរាគមន៍ក្នុងប្រទេសនីហ្សេ

រូបភាពពី៖​ AFP

បរទេស៖ រដ្ឋាភិបាលយោធារបស់រដ្ឋអាហ្រ្វិកខាងលិច បានអះអាងថា ទីក្រុងប៉ារីស កំពុងរៀបចំផែនការធ្វើអន្តរាគមន៍ក្នុងប្រទេសនីហ្សេ ខណៈដែលទីក្រុងប៉ារីស នៅតែបន្តពង្រាយកងទ័ពទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់។ ទំនាក់ទំនងរវាងប្រទេសនីហ្សេ និងអតីតអាណានិគមបារាំង កាន់តែយ៉ាប់យ៉ឺនចាប់តាំងពីរដ្ឋប្រហារយោធាក្នុងប្រទេសនីហ្សេ ក្នុងខែកក្កដា ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកវីរសេនីយ៍ Amadou Abdramane អ្នកនាំពាក្យរបស់រដ្ឋាភិបាលក្នុងប្រទេសនីហ្សេ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ជាតិកាលពីថ្ងៃសៅរ៍ ដែលត្រូវបានដកស្រង់ដោយ AFP ថា “ប្រទេសបារាំងបន្តដាក់ពង្រាយកងកម្លាំងរបស់ខ្លួននៅក្នុងប្រទេសមួយចំនួន ECOWAS (សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច) ដែលជាផ្នែកមួយនៃការរៀបចំសម្រាប់ការឈ្លានពានប្រឆាំងនឹងនីហ្សេរីយ៉ា ដែលក្រុងប៉ារីសកំពុងរៀបចំផែនការសហការជាមួយអង្គការសហគមន៍នេះ”។

ECOWAS បានគំរាមធ្វើអន្តរាគមន៍ក្នុងប្រទេសនីហ្សេ ដើម្បីស្ដារអំណាចមកឱ្យប្រធានាធិបតី Mohamed Bazoum ដែលត្រូវគេបណ្តេញចេញ ឱ្យមកកាន់តំណែងវិញ។ មន្ត្រីកំពូលរបស់បារាំងក៏បានថ្លែងជាច្រើនដងថា ទីក្រុងប៉ារីសនឹងគាំទ្រវិធានការយោធារបស់ប្លុកនេះ។

ទោះជាយ៉ាងណាក៏ដោយ យោងតាមនាយករដ្ឋមន្ត្រីដែលត្រូវបានតែងតាំងដោយយោធារបស់នីហ្សេ គឺលោក Ali Lamine Zeine បានឱ្យដឹងថា សកម្មភាពយោធារបស់ ECOWAS មិនត្រូវបានគាំទ្រដោយរដ្ឋជាសមាជិកទាំងអស់នោះទេ។ លោកក៏បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃច័ន្ទថា រដ្ឋាភិបាលថ្មីនៅទីក្រុង Niamey សង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងជាមួយប្លុកនៅក្នុង “ថ្ងៃខាងមុខនេះ” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top