ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រមានពីវិបត្តិថ្មី ដែលអាចនឹងកើតឡើងនៅកូរ៉េ

រូបភាពពី៖​ AFP

បរទេស៖ ក្រសួងការបរទេសរុស្ស៊ី បានព្រមានថា ឧបទ្វីបកូរ៉េ អាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិថ្មីមួយក្នុងពេលឆាប់ៗនេះ។ អ្នកការទូតជាន់ខ្ពស់ម្នាក់បានចាត់ទុកការកើនឡើងនៃភាពតានតឹងជាចម្បង នោះគឺការកើនឡើងនៃវត្តមានយោធាអាមេរិកនៅក្នុងតំបន់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន TASS នៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ាក្នុងទីក្រុង Vladivostok កាលពីថ្ងៃចន្ទ លោក Georgy Zinoviev ប្រធាននាយកដ្ឋានអាស៊ីទីមួយរបស់ក្រសួងការបរទេសរុស្ស៊ី បានអះអាងថា “សក្ដានុពលនៃព្រឹត្តិការណ៍នៅឧបទ្វីបកូរ៉េបង្ហាញថា វិបត្តិថ្មីមួយកំពុងខិតជិតមកដល់។ ” លោក​បាន​លើក​ឡើង​ពី​វោហាសាស្ត្រ​ដែល​មាន​សង្គ្រាម​កាន់​តែ​ខ្លាំង​ឡើង​មក​ពី​កូរ៉េ​ខាង​ជើង និង​អាមេរិក ព្រម​ទាំង​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន។ អ្នកការទូតរូបនេះ ក៏បានកត់សម្គាល់ផងដែរថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត បាននិងកំពុងបង្កើនសមយុទ្ធយោធារួមគ្នានៅក្នុងតំបន់។

លោក Zinoviev បានប្រាប់អ្នកយកព័ត៌មានថា “ជាឧទាហរណ៍ ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៨១ មក នាវាមុជទឹក Kentucky របស់អាមេរិកដែលមានកាំជ្រួចមីស៊ីលផ្លោងដែលមានសមត្ថភាពនុយក្លេអ៊ែរបានបង្ហាញខ្លួននៅក្នុងដែនទឹកកូរ៉េខាងត្បូង” ។

លោក​ក៏​បាន​កត់​សម្គាល់​ថា សមយុទ្ធ​ត្រីភាគី​អាមេរិក-កូរ៉េ​ខាង​ត្បូង-ជប៉ុន កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ប្រចាំ​ជាង​លើក​មុនៗ៕ ប្រែសម្រួលៈ ណៃ តុលា

To Top