សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ថា មេដឹកនាំរបស់ប្រទេសកូរ៉េខាង ជើង បានធ្វើដំណើរមកដល់ព្រំដែន នៃប្រទេសរុស្ស៊ី ។
ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍ឲ្យដឹង នៅថ្ងៃពុធនេះថា លោក គីម ជុងអ៊ុន មេដឹកនាំកំពូល របស់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ហៅកាត់ (កូរ៉េខាងជើង) បានមកដល់ទីក្រុង Khasan ព្រំដែនរុស្ស៊ី កាលពីព្រឹកថ្ងៃអង្គារ ។
លោក គីម អគ្គលេខាបក្សពលករកូរ៉េ និងជាប្រធានកិច្ចការ រដ្ឋរបស់កូរ៉េខាងជើង កំពុងបំពេញទស្សនកិច្ចជាផ្លូវការ នៅសហព័ន្ធរុស្ស៊ី ដើម្បីធ្វើឲ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកូរ៉េខាងជើង និងរុស្ស៊ី ឈានដល់កម្រិតមួយខ្ពស់បន្ថែមទៀត ។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារ KCNA ។
សម្រាប់ព័ត៌មានលម្អិត នៃដំណើរទស្សនកិច្ច របស់មេដឹកនាំកូរ៉េខាងជើងរូបនេះ មិនទាន់មានបង្ហាញ លទ្ធផលនៃសកម្មភាព ណាមួយបន្ថែមទៀតនៅពេលបំពេញ ទស្សនកិច្ចនៅក្នុងទឹកដីរុស្ស៊ី ឲ្យបានដឹងនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា