ព័ត៌មានអន្តរជាតិ

លោក ពូទីន ៖ ប្រទេសលោកខាងលិច បំផ្លាញប្រព័ន្ធទំនាក់ទំនង ហិរញ្ញវត្ថុអន្ដរជាតិ

ប្រភព ៖ xinhua

ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា សេដ្ឋកិច្ចពិភពលោក កំពុងឆ្លងកាត់ការផ្លាស់ប្តូរ ភាគច្រើនដោយសារ តែប្រទេសលោកខាងលិច មួយចំនួន កំពុងបំផ្លាញប្រព័ន្ធ ទំនាក់ទំនងហិរញ្ញវត្ថុអន្ដរជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក ពូទីន បានឲ្យដឹងនៅក្នុងសុន្ទរកថា របស់លោកនៅក្នុងសម័យប្រជុំពេញអង្គ នៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៨ (EEF) ឲ្យដឹងថា “យើងដឹង និងអាចមើលឃើញពីរបៀប ដែលសេដ្ឋកិច្ចពិភពលោកបានផ្លាស់ប្តូរ និងកំពុងបន្តផ្លាស់ប្តូរ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែប្រទេសមួយចំនួន ភាគច្រើនជាប្រទេសលោកខាងលិច កំពុងបំផ្លាញប្រព័ន្ធទំនាក់ទំនងហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលពួកគេខ្លួនឯងបានសាងសង់ឡើង”។

លោក​បាន​បន្ត​ថា ក្នុង​បរិបទ​នេះ កិច្ចសហប្រតិបត្តិការ​អាជីវកម្ម ​ពិតប្រាកដ​រវាង​រដ្ឋ​ទាំងនោះ ​ដែល​ជ្រើសរើស​មិន​ចុះចាញ់​នឹង​សម្ពាធ​ពី​ខាងក្រៅ​កំពុង​ពង្រីក​។ លោក ពូទីន បានកត់សម្គាល់ថា រដ្ឋទាំងនេះចូលចិត្តធ្វើតាមផល ប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។

ទីក្រុងវ្លាឌីស្ដុក ចុងបូព៌ារបស់រុស្ស៊ី បានស្វាគមន៍អ្នកចូលរួមរាប់ពាន់នាក់សម្រាប់ EEF លើកទី៨ កាលពីថ្ងៃអាទិត្យ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌ក្នុងចំណោមតំបន់ នៃអាស៊ីប៉ាស៊ីហ្វិក។

វេទិកា EEF រយៈពេល ៤ថ្ងៃត្រូវបានរៀបចំដោយមូលនិធិ Roscongress ក្រោមប្រធានបទ “នៅលើមាគ៌ានៃកិច្ចសហប្រតិបត្តិការ សន្តិភាព និងវិបុលភាព” ​បានបម្រើការជាកន្លែងដ៏សំខាន់ សម្រាប់ការសន្ទនារវាងអ្នកនយោបាយ នាយកប្រតិបត្តិអាជីវកម្ម និងអ្នកជំនាញ សម្រាប់ការអភិវឌ្ឍន៍ចុងបូព៌ា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top