សេអ៊ូល៖ រដ្ឋាភិបាលជប៉ុន និងកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២គ្រាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុនកាលពីថ្ងៃពុធ ខណៈដែលមេដឹកនាំប្រទេសលោក គីម ជុងអ៊ុន បានទៅដល់ប្រទេសរុស្ស៊ី ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន។
អគ្គសេនាធិការចម្រុះរបស់យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលចេញពីតំបន់ Sunan នៃទីក្រុងព្យុងយ៉ាង នៅចន្លោះម៉ោងប្រហែល ១១ និង៤៣នាទីព្រឹក និង១១ និង៥៣នាទីព្រឹក។
ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា កាំជ្រួចទាំងពីរបានធ្វើដំណើរឆ្ពោះទៅទិសខាងកើតប្រហែល ៣៥០ គីឡូម៉ែត្រ និង ៦៥០គីឡូម៉ែត្ររៀងគ្នា ហើយទាំងពីរបានឈានដល់កម្ពស់អតិបរមាប្រហែល ៥០ គីឡូម៉ែត្រ មុនពេលធ្លាក់នៅជិតឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។
ក្រសួងបានឲ្យដឹងទៀតថា គ្រាប់មីស៊ីលទីពីរអាចហោះហើរលើគន្លងមិនទៀងទាត់ ដោយបន្ថែមថា មិនមានការខូចខាតដល់កប៉ាល់ ឬយន្តហោះត្រូវបានរាយការណ៍ទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
យោងតាមការិយាល័យរបស់លោក នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានណែនាំដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ប្រមូលព័ត៌មាន និងធានាសុវត្ថិភាពយន្តហោះ និងកប៉ាល់។
ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មានថា រដ្ឋាភិបាលបានដាក់ការតវ៉ាជាផ្លូវការជាមួយកូរ៉េខាងជើង តាមរយៈស្ថានទូតរបស់ខ្លួននៅទីក្រុងប៉េកាំង។
ការបាញ់បង្ហោះនេះកើតមានមុនជំនួបនៅរសៀលថ្ងៃពុធរវាងលោក គីម និងលោក ពូទីន នៅតំបន់អាមួរចុងបូព៌ារបស់រុស្ស៊ី។ មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការយោធា ចំពេលមានសង្គ្រាមរបស់រុស្ស៊ី លើអ៊ុយក្រែន នេះបើយោងតាមប្រភពជិតស្និទ្ធនឹងអាជ្ញាធររុស្ស៊ី៕ ប្រែសម្រួល ឈូក បូរ៉ា