ព័ត៌មានអន្តរជាតិ

ប្រទេសចិន បញ្ចេញប្លង់មេ សម្រាប់សមាហរណកម្មជាមួយកោះតៃវ៉ាន់ ដោយអនុញ្ញាតឱ្យប្រជាជនរបស់កោះនេះ រស់នៅ ធ្វើការ និងសិក្សានៅ ចិនបាន

xinhua

បរទេស៖ បក្សកុម្មុយនិស្តចិន (CCP) បានដាក់ផែនការធ្វើសមាហរណកម្មសេដ្ឋកិច្ចសម្រាប់កោះតៃវ៉ាន់ ស្របពេលជាមួយគ្នានេះ បានដាក់ពង្រាយកងនាវាចម្បាំង និងយន្តហោះដ៏ច្រើនជាប្រវត្តិសាស្ត្រជុំវិញកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ចេញផ្សាយកាលពីថ្ងៃអង្គារដោយគណៈកម្មាធិការកណ្តាលរបស់បក្សកុម្មុយនិស្តចិន និងក្រុមប្រឹក្សារដ្ឋរបស់ទីក្រុងប៉េកាំង សំណើនេះត្រូវបានចាត់ទុកថាជា “ប្លង់មេ” សម្រាប់ការអភិវឌ្ឍន៍នាពេលអនាគតរបស់កោះតៃវ៉ាន់។ នៅក្រោមផែនការនេះ ខេត្តឆ្នេរ Fujian នឹងក្លាយជា “តំបន់បង្ហាញ” សម្រាប់ការអភិវឌ្ឍរួមបញ្ចូលគ្នានៃកោះតៃវ៉ាន់។

សំណើនេះអំពាវនាវឱ្យអនុញ្ញាតឱ្យប្រជាជនរបស់កោះតៃវ៉ាន់រស់នៅ ធ្វើការ និងសិក្សានៅចិនដីគោក ដោយដំបូងឡើយនៅខេត្ត Fujian ។ អាជីវកម្មរបស់កោះតៃវ៉ាន់ក៏នឹងត្រូវបានអនុញ្ញាតឱ្យចាប់ផ្តើមនៅខេត្តជិតខាង ហើយនឹងត្រូវបានលើកទឹកចិត្តឱ្យចុះបញ្ជីភាគហ៊ុនរបស់ពួកគេនៅលើផ្សារហ៊ុនចិន។

ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំពេលមានការព្រួយបារម្ភដែលចិននឹងវាយប្រហារកោះនេះ។ ទីក្រុងវ៉ាស៊ីនតោនបានបង្កើនការលក់អាវុធទៅទីក្រុងតៃប៉ិ ហើយអ្នកនយោបាយអាមេរិកបានធ្វើទស្សនកិច្ចដ៏ចម្រូងចម្រាសទៅកាន់កោះនេះ។ ប្រទេសចិន ដែលទាមទារអធិបតេយ្យភាពលើកោះតៃវ៉ាន់ បានប្តេជ្ញាបង្រួបបង្រួមជាមួយខេត្តដែលបែកបាក់ឡើងវិញ – ដោយវិធានការបង្ខំប្រសិនបើចាំបាច់ ហើយមានតែ ១៣ ប្រទេសប៉ុណ្ណោះដែលទទួលស្គាល់តៃវ៉ាន់ជាប្រទេសអធិបតេយ្យ៕

ប្រែសម្រួលៈ ណៃ តុលា

To Top