ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យប្រធានក្រុមហ៊ុន SINOMACH Heavy Equipment Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ បានណែនាំដល់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ សហការ ជាមួយក្រុមហ៊ុន ដើម្បីសិក្សាស្វែង រកគម្រោងបន្ថែមទៀត ដែលមានសក្តានុពល ដើម្បីរួមចំណែកលើកកម្ពស់ ស្ថិរភាព និងប្រសិទ្ធភាព នៃការផ្គត់ផ្គង់ ថាមពលរបស់កម្ពុជា ។
លោក ហាន ស៊ាជុន (Han Xiaojun) ប្រធានក្រុមហ៊ុន SINOMACH Heavy Equipment Group និងគណៈប្រតិភូក្រុមហ៊ុន ជាភ្ញៀវទីមួយ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួប នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ។
ក្នុងជំនួបនេះ លោក ហាន ស៊ាជុន បានរាយការណ៍អំពីប្រវត្តិ និងដំណើរការអាជីវកម្ម ព្រមទាំងការវិនិយោគរបស់ក្រុមហ៊ុន SINOMACH Heavy Equipment Group នៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០០៧ មក ដែលបច្ចុប្បន្នមានគម្រោងជាច្រើន ក្នុងទំហំទឹកប្រាក់រហូតដល់ជិត ៣ប៊ីលានដុល្លារអាមេរិក ។ ដោយមានការគាំទ្រ និងកិច្ចសម្របសម្រួលយ៉ាងកក់ក្តៅ ពីរាជរដ្ឋាភិបាល ក្រុមហ៊ុនបានរីកលូតលាស់ និងបានសម្រេច នូវសមិទ្ធផលជាទីមោទនៈជាច្រើន ជាពិសេស នៅក្នុងការសាងសង់បណ្តាញអគ្គិសនី និងរោងចក្រថាមពលអគ្គិសនី ។
ជាកិច្ចឆ្លើយតប សម្តេចធិបតី បានបង្ហាញនូវជំហរ ក្នុងការបន្តគាំទ្រសហការ និងសម្របសម្រួល ជាមួយក្រុមហ៊ុន ចំពោះរាល់គម្រោងទាំងអស់ ដែលផ្តល់ផលប្រយោជន៍ ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ហើយស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ។
ក្នុងនោះ សម្តេចធិបតី បានណែនាំដល់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ សហការជាមួយក្រុមហ៊ុន ដើម្បីសិក្សាស្វែងរកគម្រោងបន្ថែមទៀត ដែលមានសក្តានុពល ដើម្បីរួមចំណែកលើកកម្ពស់ស្ថិរភាព និងប្រសិទ្ធភាពនៃការផ្គត់ផ្គង់ ថាមពលរបស់កម្ពុជា ដូចជាគម្រោងក្នុងវិស័យថាមពលស្អាត ដែលមានចីរភាព និងតម្លៃសមរម្យជាដើម ។
សម្តេចធិបតី ក៏បានសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននឹងបន្តវិនិយោគ និងផ្តល់កិច្ចសហការ នៅក្នុងគម្រោងទាំងនេះ ដែលក្រុមហ៊ុនមានជំនាញ និងមានឧត្តមភាពស្រាប់៕