ព័ត៌មានជាតិ

ក្រសួង បន្តលើកកម្ពស់សេវាដឹកជញ្ជូន កាន់តែមានប្រសិទ្ធភាព គុណភាព និងលឿនរហ័ស

រូបភាពពី៖​ ក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្តេជ្ញាបន្តលើកកម្ពស់សេវាដឹកជញ្ជូនឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព លឿនរហ័ស ព្រមទាំងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាដើម។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងបុគ្គលិក នៃមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ ព្រមទាំងផ្តល់ជូនសម្ភារជួសជុល ថែទាំផ្លូវ ផ្លាកសញ្ញាចរាចរណ៍ នាថ្ងៃទី១៤ កញ្ញា លោក ប៉េង ពោធិ៍នា ជារដ្ឋមន្ត្រីបានលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញដោយក្នុងនោះមានបាវចនាចំនួន៥ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងមានអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។

លោករដ្ឋមន្ដ្រីគូសបញ្ជាក់ថា «ក្រសួង បានរៀបចំយន្តការអនុវត្តការងារ ស្របតាមចក្ខុវិស័យ និងមាគ៌ានយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្ដោតសំខាន់លើចំណុចសំខាន់ៗ ដូចជា៖ បន្តលើកកម្ពស់សេវាដឹកជញ្ជូន ឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព លឿនរហ័ស និងបន្តលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់»។

លោករដ្ឋមន្ដ្រីបន្ដថា ក្រសួងក៏ដាក់ចេញនូវយន្តការធំៗចំនួន ៤ រួមមាន៖ ១-ពង្រឹងប្រសិទ្ធភាពអភិបាលកិច្ចផ្ទៃក្នុង និងអភិវឌ្ឍន៍ធនធានមនុស្ស ទី២-ពិពិធកម្មនៃប្រភពធនធានថវិកា ទី៣-ពង្រីកការគ្រប់គ្រង និងប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកា ពង្រឹងការងារនីតិកម្ម និងកសាងបទដ្ឋានបច្ចេកទេស និងទី៤-ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងប្រព័ន្ធឌីជីថល៕

To Top