ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាចម្រុះ ប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធនានាក្នុងកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកសមយុទ្ធ ទេវតាសន្តិភាពឆ្នាំ២០២៣ កម្ពុជា-ចិន នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ប្រទេសកម្ពុជា។
សមយុទ្ធទេវតាសន្តិភាព-ឆ្នាំ២០២៣នេះ បានរៀបចំក្រោម ប្រធានបទ «ប្រតិបត្តិការសង្គ្រោះសុខាភិបាលមនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់ គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ នៃកងទ័ពទាំងពីរកម្ពុជា-ចិន» ដោយធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។
ភាគីចិនមានចំនួនសរុប១២៦នាក់ ក្នុងនោះក្រុមដឹកនាំសម យុទ្ធចំនួន ២០នាក់ ក្រុមអាកាសយានិកចំនួន ១០នាក់ កម្លាំងសុខាភិបាលចំនួន ៩៥នាក់។ ភាគីកម្ពុជាមានចំនួនសរុប ៥៩៥នាក់ ក្នុងនោះក្រុមដឹកនាំសម យុទ្ធ២៤នាក់ កម្លាំងធ្វើសមយុទ្ធ ២៣៧នាក់ កម្លាំងបម្រើការ ចំនួន៣៣៤នាក់។
សមយុទ្ធទេវតាសន្តិភាព-ឆ្នាំ២០២៣ បានរៀបចំខ្លឹមសារសមយុទ្ធជា កម្លាំងទ័ពពិតធ្វើការចល័តតាមទីតាំងផ្សារភ្ជាប់នឹងស្ថានភាពជាក់ស្ដែង តាមប្រធានបទ ខាងលើមានចំនួន៧ ក្នុងនោះរួមមានទី១៖ ការបញ្ហាកម្លាំងសុខាភិបាលរួមគ្នា ទី២៖ ការដឹកជញ្ជូនកម្លាំងទ័ព ទី៣៖ ការពង្រាយកម្លាំងប្រតិបត្តិការ ទី៤៖ ការជួយសង្គ្រោះ នៅទីតាំងរងគ្រោះ ទី៥៖ ការផ្ទេរបញ្ជួនអ្នករងគ្រោះព្យាបាលបន្ត ទី៦៖ ការបញ្ជូនអ្នករងគ្រោះតាមផ្លូវអាកាស និង៧៖ ការការពារបង្ការជំងឺឆ្លង៕