ព័ត៌មានអន្តរជាតិ

អង្គការណាតូ នឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំបំផុត មិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមត្រជាក់មក

រូបភាពពី៖​ Global Look Press / US Joint Staff

បរទេស៖ ប្រធានគណៈកម្មាធិការយោធាដឹកនាំដោយសហរដ្ឋអាមេរិក លោកឧត្តមនាវីឯក Rob Bauer បាននិយាយកាលពីថ្ងៃសៅរ៍ថា អង្គការណាតូ គ្រោងនឹងធ្វើសមយុទ្ធយោធាដ៏ធំមួយនៅឆ្នាំ ២០២៤ ។ លោកបានបន្ថែមថា សមយុទ្ធដែលរំពឹងថានឹងមានទាហានជាង ៤០.០០០នាក់នឹងក្លាយទៅជាសមយុទ្ធដ៏ធំបំផុតចាប់តាំងពីសង្គ្រាមត្រជាក់មក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Bauer ថា សមយុទ្ធ “ការការពារសមូហភាព” ដែលមានឈ្មោះថា Steadfast Defender នឹងធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ ប៉ូឡូញ និងរដ្ឋបាល់ទិកចំនួនបី គឺអេស្តូនី ឡាតវី និងប្រទេសលីទុយអានី ដែលជាប់ព្រំដែនរុស្ស៊ី។ ប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកត្រូវធ្វើ “ច្រើនទៀត” ដើម្បីការពារខ្លួនប្រឆាំងនឹង “ការគំរាមកំហែងបច្ចុប្បន្ន ប៉ុន្តែក៏ប្រឆាំងនឹងការគំរាមកំហែងដែលបានបង្កើតឡើងវិញ និងការគំរាមកំហែងអនាគតដ៏មានសក្តានុពល” ផងដែរ។

កាលពីដើមសប្តាហ៍នេះ កាសែត Financial Times បានរាយការណ៍ថា សមយុទ្ធការពារជាតិ Steadfast Defense នឹងមាននាវាច្រើនជាង ៥០គ្រឿង និងបេសកកម្មប្រយុទ្ធពី ៥០០ ទៅ ៧០០ចូលរួម ។ សមយុទ្ធនេះត្រូវបានរចនាឡើងដើម្បីក្លែងធ្វើការប៉ះទង្គិចជាមួយក្រុមចម្រុះប្រឌិតមួយដែលមានឈ្មោះថា ‘Occasus’ ។ យោង​តាម​កាសែត សមយុទ្ធ​នេះ​គ្រោង​ធ្វើ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២៤៕ ប្រែសម្រួលៈ ណៃ តុលា

To Top