ដាកា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ថា មានមនុស្សជាង៨០០នាក់បានស្លាប់ដោយសារជំងឺគ្រុនឈាម នៅក្នុងចំណោម១៦៤.៥៦២ករណីដែលត្រូវបានរាយការណ៍នៅទូទាំងប្រទេសបង់ក្លាដេសក្នុងឆ្នាំនេះ តួលេខរបស់នាយកដ្ឋានសុខាភិបាលបានបង្ហាញឲ្យដឹងកាលពីថ្ងៃសៅរ៍ ។
យោងតាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានសេវាសុខភាព ហៅកាត់ (DGHS) ក្រោមឳវាទក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកស្លាប់សរុបចំនួន៨០៤នាក់ រួមមាន ២១១នាក់នៅក្នុងខែកញ្ញា និង៣៤២នាក់នៅក្នុងខែសីហា និងចំនួន២០៤នាក់នៅក្នុងខែកក្កដា ។
បើយោងតាមនាយកដ្ឋាន DGHS បានឲ្យដឹងថា ករណីគ្រុនឈាមមានចំនួន៤០.៧៥៤នាក់ត្រូវបានកត់ត្រារហូតមកដល់ពេលនេះនៅក្នុងខែកញ្ញា បន្ទាប់ពីមាន៧១.៩៧៦នាក់នៅក្នុងខែសីហា និងចំនួន៤៣.៨៤៥នាក់នៅក្នុងខែកក្កដា ។
នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះបានកត់ត្រាអ្នកស្លាប់ចំនួន១៤នាក់បន្ថែមទៀត និងមានជំងឺគ្រុនឈាមចំនួន២.៥៩៨ នាក់ទៀតគិតក្នុងរយៈពេល២៤ម៉ោងរហូតដល់ម៉ោង៨ព្រឹកម៉ោងក្នុងតំបន់កាលពីថ្ងៃសៅរ៍ ។
គួរបញ្ជាក់ថា នារដូវមូសុងចាប់ពីខែមិថុនាដល់ខែកញ្ញា គឺជារដូវ នៃជំងឺគ្រុនឈាមកើតឡើងនៅក្នុងប្រទេសបង់ក្លាដេស ដែលត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានហានិភ័យខ្ពស់ និងងាយនឹងកើតជំងឺដោយសារសត្វមូសខ្លាខាំ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា