ព័ត៌មានអន្តរជាតិ

KCNA៖ លោក គីម ជុងអ៊ុន ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ក្នុងបំណងបង្កើន កិច្ចសហប្រតិបត្តិការយោធា

រូបភាពពី៖​ AFP

សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ហៅកាត់ថា KCNA បានផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃអាទិត្យនេះថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានពិភាក្សាអំពីបញ្ហាជាក់ស្តែងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ។

នៅក្នុងអំឡុងពេលទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសរុស្ស៊ី លោក គីម បានត្រួតពិនិត្យទីតាំងផលិតយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដែលមានសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ី មីស៊ីលល្បឿនលឿន និងនាវាចម្បាំងកាលពីថ្ងៃសៅរ៍ អមដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ។

ទីភ្នាក់ងារ KCNA បានរាយការណ៍ថា លោក គីម និងលោក Shoigu “បានផ្លាស់ប្តូរមតិស្ថាបនារបស់ពួកគេលើបញ្ហាជាក់ស្តែងដែលកើតឡើងក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំង២ និងក្នុងវិស័យការពារជាតិ និងសន្តិសុខរបស់ប្រទេសទាំង២” ។

ទីភ្នាក់ងារ KCNA បានផ្សព្វផ្សាយថា លោក គីម ក៏បានទស្សនាកងនាវាចរសមុទ្រប៉ាស៊ីហ្វិករបស់រុស្ស៊ី ដែលបំពាក់ដោយនាវាមុជទឹកនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅក្នុងចំណោមនាវាយោធាផ្សេងទៀត ដោយដកស្រង់សម្តីលោកថា ជាការកើតសរសើរដល់កងនាវាសម្រាប់ការរួមចំណែករបស់ខ្លួនដល់សន្តិភាពនៅក្នុងតំបន់ ។

គួររំលឹកថា កាលពីដើមខែនេះ ប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមប្រតិបត្តិការលើកដំបូងរបស់ខ្លួន “នាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top