ព័ត៌មានជាតិ

ប្រធានរដ្ឋសភាកម្ពុជា ស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយតួកគី ដើម្បីជំរុញគោលដៅក្លាយជា ប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០

ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា កម្ពុជាស្វាគមន៍ចំពោះការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយប្រទេសតួកគី ដើម្បី សម្រេចបាននូវផែនការរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការប្រែក្លាយកម្ពុជាជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេស មានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ ក្នុងឱកាសអនុញ្ញាតឲ្យលោកស្រី អ៊ុលគូ កូចាអេហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅថ្ងៃ១៨ កញ្ញា ។ ក្នុងជំនួបប្រធានរដ្ឋសភា បង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ហើយមានសុទិដ្ឋិនិយមថា ក្នុងអាណត្តិការទូតរបស់លោកស្រីកម្ពុជា-តួកគី នឹងបន្តព ង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា ព្រមទាំងលើកកម្ពស់បន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រទេ ស និងផលប្រយោជន៍ប្រជាជននៃប្រទេសទំាងពីរ។

សម្តេច ឃួន សុដារី លើកឡើងថា បេសកកម្មការទូតរបស់លោកស្រី នៅកម្ពុជានាពេលនេះ មានសារៈសំខាន់ពីព្រោះចំពេលកម្ពុជា បានធ្វើការផ្លាស់ប្តូរអ្នក ដឹកនាំបន្តវេន ប្រកបដោយសន្តិភាព និងដោយរលូនគ្មានអំពើហិង្សា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងរយៈ ៥០០ឆ្នាំរបស់ខ្លួន។

ចំណែក លោកស្រី អ៊ុលគូ កូចាអេហ្វេ បានអបអរសាទរចំពោះ សម្តេចរដ្ឋសភាដែលជាស្រ្តីទី១ ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាង ជាប្រធានរដ្ឋសភា ដែលជាមុខតំណែងកំពូល ក្នុងការដឹកនាំស្ថាប័ននីតិប្បញ្ញតិនៃកម្ពុជា។ លោកស្រីថា ទំហំពាណិជ្ជកម្ម កម្ពុជា-តួកគី បានកើនឡើងគួរឲ្យកត់សម្គាល់។

សូមបញ្ជាក់ថា កម្ពុជា និងតួកគីបានបង្កើតទំនាក់ទំនង ការទូតជាមួយគ្នាតំាងពីឆ្នាំ១៩៥៩ ក្នុងរយៈពេលចុង ក្រោយនេះទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ បានពង្រឹងពង្រីក និងលើកកម្ពស់ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរបស់តួកគី។ តួកគី ជាប្រទេសមានសក្តានុពល ដោយសារជាស្ពានភ្ជាប់ទំនាក់ទំនងអាស៊ីទៅអឺរ៉ុប ៕

To Top