ភ្នំពេញ ៖ នៅថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃចូលរួមសន្និសីទស្តីពី វេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣ នៅខេត្តជាំងស៊ូ ប្រទេសចិន។
ក្នុងពិធីបើកសន្និសីទដ៏មានសារៈសំខាន់នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញថ្លែងសុន្ទរ ដោយមានប្រសាសន៍ថា «វេទិកានេះបានបង្កលក្ខណៈ និងលទ្ធភាពដល់អង្គភាពពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំ និងផ្នែកអនុវត្តច្បាប់ នៃបណ្ដាប្រទេសជាច្រើនបានជួបជុំ និងផ្លាស់ប្ដូរមតិយោបល់ ព្រមទាំងបទពិសោធន៍សំខាន់ៗក្នុងកិច្ចការថែរក្សាសន្តិសុខក្នុងប្រទេស និងសកល»។
ក្នុងសន្និសីទនេះដែរ នឹងពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនដូចជា ការព្យាករណ៍ពីស្ថានភាពសន្តិសុខសកលលោក កិច្ចសហប្រតិបត្តិការពហុភាគីលើវិស័យសន្តិសុខសាធារណៈ ការលើកកម្ពស់ការកសាងសមត្ថភាពអភិបាលកិច្ច និងសមិទ្ធិផលអភិវឌ្ឍន៍រួមគ្នាដែលធានាដោយវិស័យសន្តិសុខ ដោយមានការចែករំលែកបទពិសោធន៍ពីថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធ និងបណ្ដាអ្នកជំនាញពីអង្គភាពសាធារណៈ និងឯកជនជាច្រើនរូប។
ក្នុងនោះផងដែរ នារសៀលថ្ងៃនេះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងថ្លែងសុន្ទរករថាលើកឡើងការវិវត្ត នៃស្ថានភាពសន្តិសុខក្នុងតំបន់ និងសកល និងជាពិសេសកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការរបស់កម្ពុជាក្នុងការគ្រប់គ្រងកិច្ចការងារសន្តិសុខនេះ។
គួរបញ្ជាក់ជូនថា សន្និសីទស្ដីពី វេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣ ក្រោមប្រធានបទ «ពិភពលោកមួយ សន្តិសុខរួម» នេះឆ្លុះបញ្ចាំងអំពីតថភាពបច្ចុប្បន្ន នៃចក្ខុវិស័យវែងឆ្ងាយ ស្តីពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការទូលំទូលាយប្រកបដោយចីរភាព ដែលផ្តោតសំខាន់លើទស្សនៈថែរក្សាសន្តិសុខសកល ហើយជាពិសេសអនុញ្ញាតឲ្យថ្នាក់ដឹកនាំ អ្នកជំនាញ អង្គភាពពាក់ព័ន្ធ ពីបណ្ដាប្រទេសជាច្រើនបានជួបជុំគ្នា ដើម្បីផ្លាស់ប្ដូរ និងចែករំលែកពិសោធន៍ក្នុងការងារពង្រឹង ថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋក្នុងប្រទេសខ្លួន និងក្នុងសកលផងដែរ៕