ភ្នំពេញ៖ របាយការណ៍ស្តីពី ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗ បានបង្ហាញថា ក្នុងឆ្នាំ២០២៣នេះ រំហូរវិនិយោគផ្ទាល់ពីបរទេស មានកំណើនខ្ពស់ក្នុងអត្រាប្រមាណ ៤១,៦% សម្រាប់ឆមាសទី១ ឆ្នាំ២០២៣ ធៀបនឹង០,៤% ឆ្នាំ២០២២ បើទោះបីស្ថានភាពហិរញ្ញវត្ថុសកល មានការរឹតបន្តឹងយ៉ាងក្តី ។
យោងតាមលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ កញ្ញា ក្នុងចំណុចទី៣ របាយការណ៍ស្តីពី ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗ បានបញ្ជាក់ថា របាយការណ៍ស្តីពី ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្ហាញឲ្យឃើញពីនិន្នាការ និងដំណើរវិវត្តជារួម នៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៣ ដើម្បីជាមូលដ្ឋាន ដល់ការដាក់ចេញ វិធានការអន្តរាគមន៍ចាំបាច់ របស់រាជរដ្ឋាភិបាល ។
ក្នុងនោះរបាយការណ៍ បានបង្ហាញថា “ក្នុងឆ្នាំ២០២៣នេះ រំហូរវិនិយោគផ្ទាល់ពីបរទេស មានកំណើនខ្ពស់ក្នុងអត្រាប្រមាណ ៤១,៦% សម្រាប់ឆមាសទី១ ឆ្នាំ២០២៣ ធៀបនឹង០,៤% ឆ្នាំ២០២២ បើទោះបីស្ថានភាពហិរញ្ញវត្ថុសកល មានការរឹតបន្តឹងយ៉ាងក្តី ។ ជាមួយគ្នានេះ វិស័យកសិកម្ម ត្រូវបានវាយតម្លៃថា សម្រេចបានកំណើន ០,៩% ដូចការរំពឹងទុក ។ ចំពោះអនុវិស័យសណ្ឋាគារនិងភោជនីយដ្ឋាន ត្រូវបានវាយតម្លៃថា ងើបឡើងវិញលឿន ក្នុងអត្រា៤១,៥% ។
បន្ថែមពីនេះ របាយការណ៍ដដែលបន្តថា ចំពោះអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនរឹងមាំ ក្នុងអត្រាប្រមាណ១១,៧% ដូចការរំពឹងទុក ដែលគាំទ្រភាគច្រើនដោយការនាំចេញបន្ទះសូឡា ជាពិសេស ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ស្របពេលដែលរំហូរនៃការវិនិយោគផ្ទាល់ពីបរទេស ក្នុងអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរ មានការកើនឡើងយ៉ាងគំហុក ក្នុងអត្រា១៧២% ៕