ព័ត៌មានជាតិ

លោក ថោ ជេដ្ឋា ស្នើបារាំង ជួយកៀរគរដៃគូអភិវឌ្ឍន៍ ស្តារ និងពង្រឹងប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយមនៅកម្ពុជា

រូបភាព៖ ក្រសួងធនធានទឹក

ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្នើភាគីបារាំង ជាពិសេស AFD ជួយកៀរគរដៃគូអភិវឌ្ឍន៍ដទៃទៀត ឲ្យចូលរួមចំណែក ក្នុងការស្តារនិងពង្រឹងប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយមនៅកម្ពុជា។

ការស្នើនេះ ធ្វើឡើងក្នុងឱលោករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយលោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោកស្រី Sandrine Boucher នាយិកា AFD ប្រចាំកម្ពុជានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក Jacques PELLET លោកស្រី Sandrine Boucher និងគណៈប្រតិភូ ដែលបានឆ្លៀតពេលដ៏មមាញឹក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន សម្រាប់កិច្ចសហប្រតិបត្តិការ របស់ប្រទេសទាំងពីរ លើវិស័យធនធានទឹក និងឧតុនិយម។

ជាមួយគ្នានេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងតាមរយៈលោកឯកអគ្គរដ្ឋទូត ក៏ដូចជាលោកស្រីនាយិកា លោករដ្ឋមន្ត្រីបានសម្តែងនូវការដឹងគុណ ចំពោះសាធារណរដ្ឋបារាំង ជាពិសេស AFD ដែលក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ តែងតែផ្តល់នូវការឧបត្ថម្ភ និងគាំទ្រដល់ពលរដ្ឋកម្ពុជា ទាំងជំនួយបច្ចេកទេសនិងហិរញ្ញវត្ថុ លើគ្រប់វិស័យ ជាពិសេសការស្តារនិងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។

ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្រសួងធនធានទឹក និងឧតុនិយមទទួលសមិទ្ធផលគម្រោងចំនួនពីរ ដែលគាំទ្រដោយហិរញ្ញប្បទានរបស់ AFD ក្នុងនោះមានគម្រោងមួយបានបញ្ចប់ និងគម្រោងមួយទៀតកំពុងអនុវត្តគឺ៖
ទី១.គម្រោង WASP (Water Agricultural Sector Project) រយៈពេល ៥ឆ្នាំ(២០១៥-២០១៩)ដែលបានបញ្ចប់ ស្ថិតនៅក្នុងខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។
ទី២.គម្រោង WAT4CAM ដំណាក់កាលទី១(កំពុងអនុវត្ត) ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ននេះមានគម្រោងនិងកម្មវិធីចំនួនពីរ ដែលស្ថិតក្រោមកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) ដែលក្នុងនោះមាន៖


ទី១.កម្មវិធី WAT4CAM ដំណាក់កាលទី១ កំពុងអនុវត្ត និងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥
ទី២.ការស្ដារអាងស្ទឹងស្វាយចេក បាននិងកំពុងសិក្សាអំពីសមិទ្ធលទ្ធភាព (Feasibility study) ដែលគ្រោងបញ្ចប់ក្នុងខែវិច្ឆិកា។

ថ្លែងក្នុងជំនួបពិភាក្សាការងារនេះ លោករដ្ឋមន្រ្តីបានជម្រាបភាគីបារាំងថា លោកកំពុងពិចារណាអំពីលទ្ធភាពក្នុងការរៀបចំវេទិកាប្រចាំឆ្នាំ រវាងដៃគូអភិវឌ្ឍន៍ជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានស្នើភាគីបារាំង ជាពិសេស AFD ជួយកៀរគរដៃគូអភិវឌ្ឍន៍ដទៃទៀត ឱ្យចូលរួមចំណែក ក្នុងការស្តារនិងពង្រឹងប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយមនៅកម្ពុជាផងដែរ។

រូបភាព៖ ក្រសួងធនធានទឹក

គួរបញ្ជាក់ថា កិច្ចពិភាក្សាបានផ្តោតលើគម្រោងដែលបាននិងកំពុងអនុវត្ត និងកិច្ចសហប្រតិបត្តិការ សក្តានុពលរវាង ភាគីបារាំងនិងរាជរដ្ឋាភិបាលកម្ពុជា។ ដោយឡែកលើវិស័យគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក និងឧតុនិយម ចាប់ពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន ភាគីបារាំង ជាពិសេស AFD នៅតែជាដៃគូដ៏សំខាន់ របស់ក្រសួងធនធានទឹក និងឧតុនិយមក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕

To Top