ព័ត៌មានជាតិ

ស្នងការក្រុង បំភ្លឺករណីឃាត់ខ្លួនអ្នកលក់ត្របែក ពុទ្រា នៅខណ្ឌសែនសុខ

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការបកស្រាយបំភ្លឺ ចំពោះអាជ្ញាធរមូលដ្ឋាន ចុះឃាត់ខ្លួនអ្នកលក់ផ្លែត្របែក ផ្លែពុទ្រា នៅខណ្ឌសែនសុខ ចំណុចភ្លើងស្តុបណូគា និងណតប្រ៊ីដ ផ្លូវ២០០៤ កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នោះ គឺការចុះប្រមូលជនអានាថា ប៉ុន្តែក៏បានដោះលែងពួកគាត់ទៅវិញផងដែរ ។

ការបំភ្លឺនេះ ក្រោយមានការរិះគន់ក៏ដូចជាការវែកញែក បន្ទាប់ពីមានការផ្សព្វផ្សាយថា គ្រាន់តែលក់ផ្លែត្របែកនិងពុទ្រាសោះក៏ឃាត់ខ្លួនពួកគេដែរ ។ ករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបំភ្លឺថា ក្រោយពីទទួលបានព័ត៌មានតាមការផ្សព្វផ្សាយរបស់អង្គភាពព័ត៌មានមួយចំនួន និងតាមបណ្តាញសង្គមហ្វេសប៊ុក ជុំវិញករណីថា មន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាប់ឃាត់ខ្លួនអ្នកលក់ផ្លែត្របែក ផ្លែពុទ្រា អ្នកសុំទាន ជនពិការ កុមារ និងអ្នកពាក់ព័ន្ធសរុប១៤នាក់ នៅចំណុចភ្លើងស្តុបណូគា និងស្តុបណតប្រ៊ីដ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាទៅលោកអធិការនគរបាលខណ្ឌសែនសុខ វរសេនីយ៍ឯក ហួរ ម៉េង វ៉ាង ដើម្បីធ្វើការបំភ្លឺបកស្រាយជុំវិញការចោទប្រកាន់ខាងលើ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតពីគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក ញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌ ចុះប្រមូលជនអនាថា ជនពិការភាពដើរសុំលុយ និងអ្នកលក់ផ្លែឈើ នៅតំបន់ស្តុបណតប្រ៊ីដ ផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អមចំនួន១៤រូប ក្នុងនោះមានជនមានពិការភាព ចំនួន៥រូប (អាយុពី៣២ឆ្នាំ ដល់អាយុ៦២ឆ្នាំ) ច្រៀងសុំលុយតាមស្តុប, កុមារចំនួន៥រូប កុមារី ចំនួន២រូប (អាយុ២ឆ្នាំ ដល់អាយុ១៣ឆ្នាំ) លក់ផ្លែពុទ្រាតាមស្តុប, មនុស្សពេញវ័យ និងមានកាយសម្បទាមាំមួន ចំនួន៤រូប ស្រី២រូប ដើរលក់ផ្លែពុទ្រាតាមស្តុប។

ចំពោះអ្នកទាំង១៤រូបនោះ រដ្ឋបាលខណ្ឌសែនសុខ បានបញ្ជូន ទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ចំនួន១១រូប (ស្រី៤រូប) ដោយឡែករដ្ឋបាលខណ្ឌសែនសុខ មានការសង្ស័យចំពោះមុខសញ្ញាបុគ្គលចំនួន៣រូប ត្រូវបានសង្ស័យញុះញង់ និងជួញដូរកម្លាំងពលកម្មលើកុមារ និងជនពិការ ដោយមានការឯកភាពពីលោក សេង ពុទ្ធី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ហើយក៏បានបញ្ជូនជនសង្ស័យទាំង៣នាក់ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធីរួមមាន ៖ ឈ្មោះ យិន សុផន ភេទប្រុស អាយុ៦២ឆ្នាំ, ឈ្មោះ សំ សុជុន ភេទប្រុស អាយុ៣៧ឆ្នាំ និងឈ្មោះ ចេង ឆេងហឿន ភេទស្រី អាយុ៣៧ឆ្នាំ។ ជនសង្ស័យទាំង៣នាក់នេះក៏ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី។

ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់ និងតាមការបំភ្លឺរបស់ជនជាប់ពាក់ព័ន្ធខាងលើ ក៏ធ្វើការឃាត់ខ្លួនបណ្តោះអាសន្នជនសង្ស័យទាំង៣នាក់ បញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី។

ក្រោយពីបញ្ជូនជនសង្ស័យទាំង៣នាក់នោះទៅដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយធ្វើការសាកសួរពួកគេទាំងនោះហើយ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានចំណារពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ក៏អនុញ្ញាតឲ្យពួកគេត្រឡប់ទៅលំនៅឋានវិញ៕

To Top