ឥស្លាម៉ាបាដ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ថា យោធាប៉ាគីស្ថានបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងសន្តិសុខបានសម្លាប់ ក្រុមភេរវករអស់ចំនួន៨នាក់ និងចាប់ខ្លួនបានចំនួន៥ នាក់ផ្សេងទៀត នៅក្នុងប្រតិបត្តិការ២ដាច់ ដោយឡែកពីគ្នានៅក្នុងខេត្ត Khyber Pakhtunkhwa ដែលស្ថិតនៅភាគពាយ័ព្យរបស់ប្រទេសនេះ ។
ក្រុមទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម ហៅកាត់ថា (ISPR) ដែលជាក្រុមប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្តិសុខ បានធ្វើប្រតិបត្តិការ ដែលមានមូលដ្ឋានលើការស៊ើបការណ៍ នៅក្នុងស្រុក Bannu និងស្រុក Waziristan ស្ថិតនៅភាគខាងជើង ។
ក្រុម ISPR បានឲ្យដឹងថា “នៅក្នុងអំឡុងពេលប្រតិបត្តិការលើកដំបូងនៅក្នុងតំបន់ Jani Khel នៃ Bannu មានការបាញ់ប្រហារទៅមកយ៉ាងខ្លាំងក្លាបានកើតឡើងរវាងកងទ័ព និងក្រុមភេរវករ” ដោយបានឲ្យដឹងទៀតថា ក្រុមភេរវករចំនួន៦នាក់ត្រូវបានសម្លាប់ និង៥នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនរួមជាមួយអ្នកសម្របសម្រួលរបស់ពួកគេ ។
កងកម្លាំងបានធ្វើប្រតិបត្តិការមួយផ្សេងទៀតនៅក្នុងតំបន់ Datta Khel នៃក្រុង North Waziristan ដែលបានសម្លាប់ក្រុមភេរវករ២នាក់នៅក្នុងអំឡុងពេលបាញ់គ្នាដ៏ខ្លាំងក្លារវាងបុគ្គលិក និងភេរវករ ព្រមទាំងបានប្រមូលអាវុធ និងគ្រាប់រំសេវពីភេរវករ ដែលបានសម្លាប់នេះផងដែរ ៕
ដោយ៖ ម៉ៅ បុប្ផាមករា