ព័ត៌មានអន្តរជាតិ

ឥណ្ឌា កំពុងស្វែងរកការកាត់ បន្ថយចំនួនអ្នកការទូត កាណាដា នៅក្នុងប្រទេសរបស់ខ្លួន

ប្រភព៖Collected

ញូវដេលី៖ យោងតាមប្រភពផ្លូវការបានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថា ខ្លួនបានស្នើសុំឱ្យប្រទេសកាណាដា កាត់បន្ថយចំនួនអ្នកការទូតរបស់ខ្លួន ដែលបានមាននៅក្នុងប្រទេសឥណ្ឌា ចំពេលមានជម្លោះការទូត។

ទីក្រុង ញូវដែលី បានលើកឡើងពីការជ្រៀតជ្រែករបស់អ្នកការទូតកាណាដា ក្នុងកិច្ចការឥណ្ឌា ជាហេតុផល សម្រាប់ការផ្លាស់ប្តូរនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Arindam Bagchi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា “វត្តមានការទូតរបស់កាណាដា នៅក្នុងប្រទេសឥណ្ឌា គឺធំជាងអ្វីដែលឥណ្ឌាមាន ហើយតាមនោះចាំបាច់ត្រូវកាត់បន្ថយ” ។

លោកបានលើកឡើងថា “យើងបានជូនដំណឹងដល់រដ្ឋាភិបាលកាណាដា ថាគួរតែមានភាពស្មើគ្នានៅក្នុងវត្តមានការទូត។ ចំនួនរបស់ពួកគេ គឺខ្ពស់ជាងយើងនៅក្នុងប្រទេសកាណាដា ច្រើនណាស់”។ ជំហាននេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសឥណ្ឌា បានផ្អាកសេវាកម្មទិដ្ឋាការនៅក្នុងប្រទេសកាណាដា។

ទំនាក់ទំនងការទូតរវាងទីក្រុងញូវដេលី និងទីក្រុងអូតាវ៉ា បានជួបវិបត្តិបន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau កាលពីថ្ងៃចន្ទបានចោទប្រកាន់ថាភ្នាក់ងារឥណ្ឌាថា បានដើរតួក្នុងការសម្លាប់លោក Hardeep Singh Nijjar មេដឹកនាំផ្តាច់ខ្លួន Sikh នៅជិតទីក្រុង Vancouver កាលពីខែមិថុនា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top