បរទេស ៖ តុលាការឧទ្ធរណ៍ នៃសាធារណរដ្ឋអាហ្រ្វិកកណ្តាល បានកាត់ទោសកំបាំងមុខ អតីតប្រធានាធិបតី របស់ប្រទេសគឺលោក Francois Bozize អាយុ ៧៦ឆ្នាំឱ្យធ្វើការដោយបង្ខំអស់មួយជីវិត បន្ទាប់ពីត្រូវបានគេរកឃើញថា លោកមានកំហុសពីបទ “ធ្វើឱ្យខូចដល់សន្តិសុខផ្ទៃក្នុង របស់រដ្ឋ” និង “ការធ្វើឃាត” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Bozize ដែលកំពុងនិរទេសខ្លួនក្នុងប្រទេស ឆាដ រហូតដល់ខែមីនា មុនពេលផ្លាស់ ទៅប្រទេស Guinea-Bissau ត្រូវបានគេដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០០៣ មុនពេលត្រូវបានផ្តួលរំលំមួយ ទសវត្សរ៍ក្រោយមក ។ ឥឡូវនេះលោកបម្រើជាអ្នកសម្របសម្រួល នៃសម្ព័ន្ធអ្នកស្នេហាជាតិ សម្រាប់ការផ្លាស់ប្តូរ (CPC) ដែលជាសម្ព័ន្ធឧទ្ទាម ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២០ និងប្រតិបត្តិការភាគច្រើន នៅភាគខាងជើងនៃប្រទេស ។
លោក Bea Bertin មន្ត្រី CPC និងជាអនុប្រធាននៃគណបក្ស នយោបាយ Kwa NA Kwa (KNK) ដែល Bozize តំណាងបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Anadolu ការអត្ថាធិប្បាយ របស់គាត់ ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ថា “ខ្ញុំសូមបដិសេធចំពោះការកាត់ក្តីនេះ និងការកាត់ទោសកំបាំងមុខ ទៅលើលោក Francois Bozize និងគូប្រជែងដទៃទៀត”
លោក Bertin បានចោទប្រកាន់បន្ថែមទៀតថា សាលក្រមនេះគឺ ជាផ្នែកមួយនៃការប៉ុនប៉ង របស់រដ្ឋាភិបាល ដែលកំពុងកាន់អំណាចក្នុងការរារាំង ការមិនចុះសម្រុង ផ្នែកនយោបាយនៅក្នុងសាធារណរដ្ឋ ដែលមានប្រជាជនប្រហែល ៥,៥ លាននាក់។
លោក Bertin បាននិយាយថា “អំណាចផ្តាច់ការបច្ចុប្បន្ន ប្រើប្រាស់គ្រប់មធ្យោបាយទាំងផ្លូវច្បាប់ និងខុសច្បាប់ ដើម្បីព្យាយាមលុបបំបាត់គូ ប្រជែងរបស់ខ្លួនទាំងអស់”៕
ប្រែសម្រួលៈ ណៃ តុលា