ព័ត៌មានអន្តរជាតិ

វៀតណាម កំពុងចរចាទិញ យន្តហោះចម្បាំង F-16 ពីអាមេរិក

ប្រភព៖ AFP

បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់សម្តីមនុស្សពីរនាក់ ដែលដឹងអំពីបញ្ហានេះថា សហរដ្ឋអាមេរិក និងវៀតណាម កំពុងពិភាក្សាអំពីកិច្ចព្រមព្រៀង ដ៏មានសក្តានុពលមួយ ដើម្បីលក់យន្តហោះចម្បាំង F-16 ផលិតដោយអាមេរិកទៅកាន់ទីក្រុងហាណូយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ការចរចាដែលនៅតែស្ថិតក្នុង “ដំណាក់កាលដំបូង” ត្រូវបានគេរាយការណ៍ថាជា “ប្រធានបទសំខាន់” នៃកិច្ចពិភាក្សារវាងមន្ត្រីមកពីភាគីទាំងពីរក្នុងរយៈពេលមួយខែកន្លងទៅនៅទីក្រុងវ៉ាស៊ីនតោន ញូវយ៉ក និងហាណូយ។

មន្ត្រីអាមេរិកម្នាក់ ត្រូវបានដកស្រង់សម្តីថា “ជាផ្នែកមួយនៃអ្វីដែលយើងកំពុងធ្វើការផ្ទៃក្នុង ខណៈដែលរដ្ឋាភិបាល សហរដ្ឋអាមេរិក កំពុងមានគំនិតច្នៃប្រឌិតអំពីរបៀប ដែលយើងអាចព្យាយាមផ្តល់ជម្រើស ហិរញ្ញប្បទានកាន់តែប្រសើរឡើងដល់ប្រទេសវៀតណាម ដើម្បីទទួលបានអ្វី ដែលពិតជាមានប្រយោជន៍សម្រាប់ពួកគេ” ។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាមបាន ចាប់ផ្តើមប្រក្រតីឡើងវិញក្នុងឆ្នាំ ១៩៩៤ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានលុបចោលការហ៊ុមព័ទ្ធ សេដ្ឋកិច្ចរយៈពេល ១៩ ឆ្នាំ។ លោកប្រធានាធិបតី Joe Biden បានទៅបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ កាលពីដើមខែនេះ ដោយពណ៌នាអំពីប្រទេសនានា ដែលធ្លាប់មានអរិភាពចំពោះគ្នាទៅវិញទៅមកថាជា “ដៃគូរដ៏សំខាន់ ចំពោះអ្វីដែលខ្ញុំនឹងជជែកតវ៉ា គឺជាពេលវេលាដ៏សំខាន់បំផុត” ។

សេចក្តីរាយការណ៍ អំពីការចរចាទិញយន្តហោះចម្បាំង F-16នេះ ធ្វើឡើងនៅពេល ដែលក្រុងវ៉ាស៊ីនតោន ចោទប្រកាន់ចិនពីបទបង្ខិតបង្ខំ និងបំភិតបំភ័យវៀតណាម និងប្រទេសជិតខាងផ្សេងទៀត ដែលទីក្រុងប៉េកាំងមានជម្លោះទឹកដី នៅសមុទ្រចិនខាងត្បូង។ កាលពីខែមុន ក្រសួងការបរទេស អាមេរិក ក៏បានអនុម័តការលក់គ្រឿង បន្លាស់ និងបរិក្ខារ F-16 ទៅកាន់កោះតៃវ៉ាន់ ដែលកំពុងស្ថិត ក្នុងដំណើរការ ធ្វើឱ្យប្រសើរឡើង នូវកងយន្តហោះចម្បាំងរបស់ខ្លួន។ រដ្ឋាភិបាលក្រុងតៃប៉ិ បាននិយាយកាល ពីខែឧសភា ថាយន្តហោះ F-16V ថ្មីចំនួន ៦៦ គ្រឿង ដែលបានបញ្ជាពីសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងមកដល់នៅឆ្នាំ ២០២៦ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top