សិង្ហបុរី ៖ គ្រាប់បែកបាញ់ ចេញពីលើអាកាសសល់ ពីសម័យសង្គ្រាម លោកលើកទី២ ដែលមានទម្ងន់១០០គីឡូក្រាម ត្រូវបានរកឃើញនៅឯការដ្ឋាន សំណង់មួយកន្លែង នៅក្នុងប្រទេសសិង្ហបុរី នឹងត្រូវកម្ទេចចោល នៅនឹងកន្លែងនៅថ្ងៃអង្គារ ។
នៅក្នុងការ ចេញផ្សាយព័ត៌មាន កាលពីថ្ងៃអាទិត្យ ប៉ូលិសបានឲ្យដឹងថា ករណីនេះត្រូវបានជូនដំណឹងមួយ សប្តាហ៍មុនការរកឃើញវត្ថុបុរាណសល់ ពីសម័យសង្រ្គាម អំឡុងពេលធ្វើការជីកកកាយ នៅតាមបណ្តោយផ្លូវ Upper Bukit Timah ។
ដោយបានវាយតម្លៃថា គ្រាប់បែកនេះនឹងគ្មានសុវត្ថិភាព ក្នុងការបំលាស់ទីវានោះទេ ក្រុមកម្ចាត់អាវុធជាតិ ផ្ទុះរបស់កងកម្លាំងប្រដាប់អាវុធសិង្ហបុរី ហៅកាត់ (SAF) នឹងអនុវត្ត “ការកម្ទេចចោលនៅនឹងកន្លែងតែម្តង” ដែលគ្រោងធ្វើឡើងនៅចន្លោះម៉ោង ៨ព្រឹកដល់ម៉ោង ៧យប់ថ្ងៃអង្គារ ។
នៅក្នុងអំឡុងពេលនេះដែរ ប៉ូលិសនឹងដាក់ខ្សែការពារចម្ងាយ២០០ម៉ែត្រជុំវិញ វត្ថុបុរាណដែលសល់ ពីសម័យសង្គ្រាម ។
អ្នករស់នៅក្នុងតំបន់ The Linear, Hazel Park, Bukit 828, Block 154 Gangsa Road និង Hazel Park Terrace property ហើយមនុស្សនៅក្នុង ហាងនៅតាមបណ្តោយផ្លូវ Bukit Timah ខាងលើ បុគ្គលិក និងសិស្សានុសិស្ស មកពីអនុវិទ្យាល័យ Greenridge នឹងត្រូវចាកចេញពីអគារ របស់ពួកគេនៅក្នុងអំឡុង ពេលប្រតិបត្តិការកម្ទេចចោល ។
ប៉ូលិសបានលើកឡើងថា សាលាអនុវិទ្យាល័យ នឹងប្តូរទៅរៀនតាមផ្ទះនៅថ្ងៃនោះ ដោយបញ្ជាក់ឲ្យដឹងទៀតថា រាល់សកម្មភាពរបស់ដ្រូន ក៏នឹងត្រូវហាមឃាត់ផងដែរ នៅក្នុងតំបន់ កម្ទេចគ្រាប់បែកនេះ ។
គិតចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង៧យប់ថ្ងៃអង្គារ កំណាត់ស្ពាន Bukit Panjang និងរវាងផ្លូវ Woodlands និងផ្លូវ Petir – ក៏ដូចជាផ្លូវ Upper Bukit Timah -និងរវាងផ្លូវ Petir និងផ្លូវ Cashew នឹងត្រូវបិទផ្អាកធ្វើចរាចរណ៍ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា