ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចាត់វិធានការជំរុញបរិវត្តកម្ម តាមរយៈការដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ ជារបៀបវារៈ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រយៈពេល ២៥ ឆ្នាំខាងមុខ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល ស្តីពីបេសកកម្មរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមមហាសន្និបាត លើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២៥ កញ្ញានេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចាត់វិធានការ ជំរុញបរិវត្តកម្ម តាមរយៈការដាក់ចេញ នូវយុទ្ធសាស្រ្តបញ្ចកោណ ជារបៀបវារៈ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រយៈពេល ២៥ ឆ្នាំខាងមុខ ដោយមានបាវចនាចំនួន ៥ រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។
ក្នុងនោះរាជរដ្ឋាភិបាល កំណត់យកអាទិភាព ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងគោលដៅចម្បង ដើម្បីរក្សាចលនការ នៃសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ជារួម ព្រមទាំងកសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះ នៃការអភិវឌ្ឍជាតិ តាមរយៈការកសាងភាព ធន់ នៃវិស័យទាំង ៥ រួមមាន វិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ វិស័យធនធានមនុស្សនិង សង្គម វិស័យបរិស្ថាន និងការឆ្លើយតបការប្រែប្រួលអាកាសធាតុ។
សម្ដេចធិបតី បញ្ជាក់ទៀតថា “ដើម្បីជោគជ័យ នៃយុទ្ធសាស្ត្របញ្ចកោណ រាជរដ្ឋាភិបាល នឹងខិតខំពន្លឿនការកែទម្រង់អភិបាលកិច្ចល្អ ការពារឱ្យបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ទន្ទឹមនឹងការខិតខំរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ពង្រឹងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងស្វាគមន៍ការគាំទ្រទាំងឡាយពីប្រទេសដៃ គូជាមិត្ត ទាំងបច្ចេកទេស និងហិរញ្ញប្បទាន ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំង ជំរុញសមាហរណកម្មតំបន់ និងពិភពលោក”៕