កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៣ បានដឹកនាំមន្ត្រីអង្គភាពពាក់ព័ន្ធ អមដំណើរ លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យទីតាំងសួន ភូត្តគាមរុក្ខជាតិទឹកឆា ស្ថិតនៅក្នុងភូមិក្រូច ឃុំបឹងណាយ ស្រុកព្រៃឈរ ។
ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ក្រោយពេលបានដឹកនាំក្រុមការងារចុះពិនិត្យតំបន់ខាងលើ អាជ្ញាធរខេត្តកំពង់ចាម រួមជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានឯកភាពគ្នា ធ្វើការអភិវឌ្ឍន៍តំបន់ ភូត្តគាមរុក្ខជាតិទឹកឆានេះ ឲ្យក្លាយទៅជាកន្លែងអភិរក្សពូជរុក្ខជាតិល្អៗ នាំមកពីតំបន់ផ្សេងៗ ដើម្បីធ្វើការចែកចាយ ដាំគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាតែម្តង ។
បើតាមការបញ្ជាក់ពី លោក ប្រាក់ ណូម៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាមបានអោយដឹងថា នៅតំបន់ភូត្តគាមរុក្ខជាតិទឹកឆា មានផ្ទៃដីសរុបប្រមាណ ៦៨ហិកតា ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម។
លោក ប្រាក់ ណូម៉ា បានអោយដឹងទៀតថា គម្រោងនេះបានចាប់ផ្តើមអនុវត្តក្នុងរយៈពេលជិត ២ឆ្នាំកន្លងមកហើយបច្ចុប្បន្ននេះ បានប្រមូលយកពូជរុក្ខជាតិល្អៗ មកបន្សាំមួយចំនួន ព្រមទាំងបានកំពុងរៀបចំកែសោភ័ណ្ឌភាពសួនភូត្តគាមរុក្ខជាតិទឹកឆានេះ ឲ្យទៅជាកន្លែងទេសចរណ៍ផងដែរ ៕
By. Kizona