ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Jyotsana Varma នាយិកាស្ថានតំណាង របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់កម្មវិធី ចំនួន ២ មានទឹកប្រាក់សរុបចំនួន ១៤០ លានដុល្លារ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៣ ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច នាថ្ងៃទី២៦ កញ្ញា បានឲ្យដឹងថា សម្រាប់កម្មវិធីចំនួន២ នោះ រួមមាន៖ ១- កម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុ ជំហាន និងអនុកម្មវិធីទី២ មានគោលបំណង រួមចំណែកគាំទ្រកម្ពុជាក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីថ្នាក់ក្រោមជាតិ សំដៅធ្វើឲ្យប្រជាពលរដ្ឋកាន់តែ ងាយស្រួល ក្នុងការទទួលបានសេវាសាធារណៈ ដោយផ្តោតលើ ការលើកកម្ពស់ការធ្វើផែនការ និងថវិកាថ្នាក់ក្រោម ជាតិ, ការពង្រឹងការគ្រប់គ្រងចំណូល និងចំណាយ និងការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ។ កម្មវិធីនេះគ្រោង នឹងចំណាយថវិកាសរុប ៤០ លានដុល្លារ ដែលជាឥណទានសម្បទានទាំងស្រុងរបស់ ADB ដឹកនាំអនុវត្តដោយគណះកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ។
២-កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ច នាអនាគត អនុកម្មវិធីទី១ មានគោលបំណងធ្វើឲ្យប្រសើរឡើង នូវអត្រាមានការងារធ្វើបច្ចុប្បន្ន និងទៅអនាគត តាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោង ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ។ កម្មវិធីនេះ នឹងពង្រឹងការបណ្តុះបណ្ដាលក្នុងវិស័យឧស្សាហកម្មប្រកបដោយបរិយាប័ន្ន ព្រមទាំងបង្កើនធនធានសម្រាប់ការអភិវឌ្ឍជំនាញ ដែលឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការការងារ ។ កម្មវិធីនេះគ្រោង នឹងចំណាយថវិកាសរុប ១៣១,៣០ លានដុល្លារ ក្នុងនោះ ឥណទានសម្បទានរបស់ ADB ប្រមាណ ១០០ លាន ដុល្លារដឹកនាំអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងក្រសួងការងារ ៕