ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ ស្វាគមន៍ការវិនិយោគរបស់ហ្វូតផេនដា និងជំរុញឱ្យគិតគូរបបសន្តិសុខសង្គម ជូនបុគ្គលិក

ភ្នំពេញ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយលោក Zeyar Mynn នាយកប្រតិបត្តិនៃក្រុមហ៊ុនDelivery Hero ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនហ្វូតផេនដា(Food Panda) នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងនោះលោករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុនDelivery Hero ជាក្រុមហ៊ុនដឹកជញ្ជូនដែល ប្រើប្រាស់ដោយបច្ចេកវិទ្យាដ៏ធំ មកពីប្រទេសអាល្លឺម៉ង់ ដែលបានបោះទុនវិនិយោគ ចូលមកប្រទេសកម្ពុជា ហើយបាននិងកំពុងបង្កើតការងារ រាប់ពាន់កន្លែងជូនពលរដ្ឋកម្ពុជា។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមហ៊ុនសិក្សាជាមួយនឹង បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិនិត្យមើលលើការគិតគូ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងរបបសន្តិសុខសង្គមផ្នែកថែទាំ សុខភាពជូនដល់បុគ្គលិកក្រុមហ៊ុន ដើម្បីទទួលបានកិច្ចគាំពារសង្គមពីរាជរដ្ឋាភិបាល ដែលជាគោលនយោបាយជាតិ ដ៏សំខាន់មួយក្នុងអាណត្តិទី៧នេះ។

មួយវិញទៀត លោករដ្ឋមន្ត្រី បានស្នើក្រុមហ៊ុនជំរុញឱ្យបុគ្គលិកបម្រើសេវា ដឹកជញ្ជូនយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត លើសុវត្ថិភាពការងារពេលបើកបរ និងការគោរពឱ្យខ្ជាប់ខ្ជួននូវសណ្តាប់ធ្នាប់សង្គម និងការគោរពច្បាប់ចរាចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា។

សម្រាប់លោករដ្ឋមន្ត្រី សំណើនេះ មិនមែនជាសំណើដាច់ដោយឡែក សម្រាប់ក្រុមហ៊ុនហ្វូតផេនដា(foodpanda)នោះទេ ប៉ុន្តែសម្រាប់ក្រុមហ៊ុនដែលកំពុង បម្រើសេវាដឹកជញ្ជូនទាំងអស់ក្នុងប្រទេស ដែលត្រូវគិតគូរខ្ពស់បន្ថែមទៀត លើសុវត្ថិភាពការងារ និងសណ្តាប់ធ្នាប់សង្គម ដែលគ្រប់ភាគីត្រូវចូលរួម។

ជាការឆ្លើយតប ក្រុមហ៊ុន នឹងបន្តធ្វើការជាមួយនឹងបេឡា របបសន្តិសុខសង្គមក្នុងការពិនិត្យលើ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដើម្បីផ្តល់អត្ថប្រយោជន៍ ជូនបុគ្គលិកក្រុមហ៊ុនទាំងអស់។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្ថែមចំពោះសំណើសុវត្ថិភាពការងារ និងក្រមសីលធម៌។ សម្រាប់ក្រុមហ៊ុន ការបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ និងសណ្តាប់ធ្នាប់សង្គម គឺត្រូវបានធ្វើឡើងជាប្រចាំទាំងក្នុងថ្នាក់ផ្ទាល់ និងតាមប្រព័ន្ធអនឡាញជូនដល់បុគ្គលិក ជាពិសេសអ្នកបម្រើសេវា ដឹកជញ្ជូនដើម្បីសុវត្ថិភាពការងារ៕

To Top