ព័ត៌មានជាតិ

ចាប់ជនសង្ស័យ៥នាក់ ដកឧបករណ៍កែច្នៃ ផលិតគ្រឿងញៀន និងសារធាតុផ្សំ ជិត២៣គីឡូក្រាម នៅច្បារអំពៅ

" "

ភ្នំពេញ ៖ កម្លាំងនគរបាល ប្រឆាំងគ្រឿងញៀន បានចាប់ខ្លួនជន សង្ស័យ៥នាក់ និងឧបករណ៍កែច្នៃ ផលិតគ្រឿងញៀន រួមនិងសារធាតុផ្សំ សរុបជិត ២៣គីឡូក្រាម នៅខណ្ឌច្បារអំពៅ ។ ប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀននេះ ធ្វើឡើង កាលពីរំលងអាធ្រាតថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីតាំងចំនួន៤ ក្នុងខណ្ឌច្បារអំពៅ និងខណ្ឌដង្កោ រាជធានីភ្នំពេញ

វរសេនីយ៍ទោ មៀច ឈួនស៊ីម៉ូលីន នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្នុងប្រតិបត្តិការ បង្រ្កាបនេះកម្លាំង សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យសរុបបានចំនួន ៥នាក់ ក្នុងនោះស្រី ម្នាក់ រួមមាន ៖ ឈ្មោះ ជ័យ ឆៃយ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ, ឈ្មោះ ចាន់ លីម៉ឹង ហៅ វីត ភេទប្រុស អាយុ ៣៤ឆ្នាំ, ឈ្មោះ យឹម ម៉ារីណែត ភេទស្រី អាយុ៤០ឆ្នាំ, ឈ្មោះ អ៊ុក សំអន ហៅ យ៉ាំង ភេទប្រុស អាយុ៣៨ឆ្នាំ និងឈ្មោះ វ៉ាន់ រ៉ាឌី ភេទប្រុស អាយុ៣៦ឆ្នាំ។

" "

សមត្ថកិច្ចចាប់បានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនម្សៅកញ្ចប់ ប្រភេទ MDMA សរុបចំនួន ៨៩កញ្ចប់ ទំងន់ ៩៣៥ក្រាម។ ឧបករណ៍កែច្នៃផលិតគ្រឿងញៀនមួយចំនួន និងសារធាតុផ្សំ សរុបទំងន់ ២២គីឡូក្រាម។

" "

សមត្ថកិច្ចបានបញ្ជាក់ថា គោលដៅដែលសមត្ថកិច្ចបានបង្រ្កាបនោះរួមមាន៖គោលដៅទី១- នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ១៧៩ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួន ជនសង្ស័យ២នាក់ និងដកហូតបាន ថ្នាំញៀនរូបផ្លែឈើ ចំនួន ២០កញ្ចប់ ។ គោលដៅទី២- នៅចំណុចផ្ទះលេខ៧៩ ផ្លូវ៤បេ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនចំនួន៦៦កញ្ចប់ ។
គោលដៅទី៣- នៅចំណុចបន្ទប់ជួល ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមនឹងថ្នាំញៀន ចំនួន៣កញ្ចប់ និងសារធាតុផ្សំទំងន់ ៥គីឡូក្រាម ។ គោលដៅទី៤- នៅចំណុចបន្ទប់ជួល ផ្លូវ៣៥៥ ភូមិតាង៉ូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ដែលក្រុមបក្ខពួកជនសង្ស័យជួលសម្រាប់ទុកកែច្នៃផលិតគ្រឿងញៀន ដោយដកហូតវត្ថុតាង ឧបករណ៍កែច្នៃមួយចំនួន និងសារធាតុផ្សំទំងន់ ១៧គីឡូក្រាម ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ការិយាល័យ ប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី ៕

To Top