ព័ត៌មានអន្តរជាតិ

ទីក្រុង Warsaw ថា មីស៊ីលដែលបានសម្លាប់ពលរដ្ឋប៉ូឡូញ២នាក់ ជាមីស៊ីលរបស់អ៊ុយក្រែន

រូបភាពពី៖​ AFP

បរទេស៖ ការស៊ើបអង្កេតផ្លូវការរបស់ប៉ូឡូញលើបញ្ហាស្លាប់ពលរដ្ឋខ្លួន២នាក់បានបញ្ចប់ ដោយបានសន្និដ្ឋានថា មីស៊ីលដែលបានសម្លាប់កសិករប៉ូឡូញពីរនាក់នៅក្នុងភូមិព្រំដែន Przewodow កាលពីខែវិច្ឆិកាឆ្នាំមុនត្រូវបានបាញ់ដោយកងកម្លាំងអ៊ុយក្រែន ។ ការរកឃើញនេះត្រូវបានប្រកាសដោយរដ្ឋមន្ត្រីយុត្តិធម៌របស់ប្រទេសប៉ូឡូញគឺ Zbigniew Ziobro កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Ziobro បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Lublin ថា “ការស៊ើបអង្កេតដែលធ្វើឡើងដោយរដ្ឋអាជ្ញាប៉ូឡូញ បានផ្តល់មតិមួយដែលបង្ហាញឱ្យឃើញយ៉ាងពេញលេញថា គ្រាប់មីស៊ីលនេះគឺជាមីស៊ីលរបស់អ៊ុយក្រែន” ។

រដ្ឋមន្ត្រីយុត្តិធម៌ប៉ូឡូញរូបនេះបានសង្កត់ធ្ងន់ថា មីស៊ីលនេះទំនងជាមានប្រភពមកពីឃ្លាំងស្តុកសម័យសូវៀត ឬផលិតដោយរុស្ស៊ីសម័យទំនើប ប៉ុន្តែវាត្រូវបានបាញ់ដោយអ៊ុយក្រែន។ ខណៈដែលលោកមិនបានបញ្ជាក់លម្អិតអំពីលក្ខណៈពិតប្រាកដនៃមីស៊ីលនោះ ប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញបានរាយការណ៍កាលពីដើមសប្តាហ៍នេះថា អ្នកស៊ើបអង្កេតបានរកឃើញថា វាគឺប្រភេទ 5V55 ដែលជាមីស៊ីលប្រឆាំងយន្តហោះ ដែលត្រូវបានបាញ់ដោយប្រព័ន្ធ S-300 ។

លោក Ziobro បានកត់សម្គាល់ថា ទីក្រុងគៀវ ហាក់ដូចជាមិនមានការសហការគ្នាទាល់តែសោះក្នុងអំឡុងពេលស៊ើបអង្កេតលើឧប្បត្តិហេតុដែលបានដំណើរការអស់រយៈពេលជិតមួយឆ្នាំ។ លោករដ្ឋមន្ត្រីបានចោទប្រកាន់ថា កង្វះជំនួយពីការអនុវត្តច្បាប់របស់អ៊ុយក្រែន គឺជាផ្នែកមួយនៃគោលនយោបាយរដ្ឋាភិបាលរបស់ប្រទេស៕ ប្រែសម្រួលៈ ណៃ តុលា

To Top