ព័ត៌មានអន្តរជាតិ

Update៖ លោក ពូទីន អះអាងថា តំបន់ដែលគ្រប់គ្រង ដោយរុស្ស៊ីនៅអ៊ុយក្រែន គាំទ្រចូលរួមជាមួយក្រុងម៉ូស្គូ

ប្រភព ៖ AFP

ម៉ូស្គូ ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ថា លោក វ្ល៉ាឌីមៀ ពូទីន មេដឹកនាំវិមានក្រឹមឡាំង បានថ្លែងនៅព្រឹកថ្ងៃសៅរ៍នេះថា ប្រជាជនរស់នៅតំបន់ ដែលកាន់កាប់ដោយក្រុងម៉ូស្គូ ក្នុងប្រទេសអ៊ុយក្រែន បានបង្ហាញពីគោលបំណង ចង់ក្លាយជាផ្នែកមួយ របស់ប្រទេសរុស្ស៊ី នៅក្នុងការបោះឆ្នោត ក្នុងស្រុកនាពេលថ្មីៗនេះ ដោយបានបញ្ជាក់ជាថ្មីនូវការបោះឆ្នោតប្រជាមតិកាលពីឆ្នាំមុន ដែលបណ្តាប្រទេស លោកខាងលិចបានបរិហារឡើងថា ជារឿងខុសច្បាប់ ។

នៅក្នុងការគូសបញ្ជាក់ តាមរយៈខ្សែវីដេអូដែលបានចេញផ្សាយ នៅថ្ងៃគម្រប់ខួប១ឆ្នាំ នៃសេចក្តីប្រកាសដ៏ចម្រូងចម្រាសរបស់រុស្ស៊ីថា ខ្លួនកំពុងបញ្ចូលផ្នែកទាំង៤ របស់អ៊ុយក្រែន ហើយលោក ពូទីន បានថ្លែងថា ជម្រើសក្នុងការចូលរួមជាមួយរុស្ស៊ី ត្រូវបានបំពេញបន្ថែម ដោយការបោះឆ្នោតក្នុងស្រុកនៅក្នុងខែនេះ ដែលបានប្រគល់មន្ត្រីដែលគាំទ្រការ បញ្ចូលក្នុងប្រទេសរុស្ស៊ី។

លោកបានថ្លែងនៅក្នុងខ្សែវីដេអូមួយថា “ដូចកាលពីឆ្នាំមុននៅក្នុងការបោះឆ្នោត ប្រជាមតិជាប្រវត្តិសាស្រ្ត ប្រជាជនបានសម្តែង និងបញ្ជាក់ម្តងទៀត នូវឆន្ទៈរបស់ពួកគេក្នុងការរួមរស់ នៅជាមួយប្រទេសរុស្ស៊ី និងបានគាំទ្រដល់ជនរួមជាតិ របស់ពួកគេ ដែលតាមរយៈកម្លាំងពលកម្ម និងសកម្មភាពជាក់ស្តែងរបស់ពួកគេ បានបង្ហាញឱ្យឃើញពីភាពសក្តិសម នៃការជឿទុកចិត្តរបស់ប្រជាជន” ។ ខ្សែងវីដេអូនេះ មានរយៈពេលជាង៤នាទី ដែលបានចេញផ្សាយ កាលពីពាក់កណ្តាលអធ្រាត្រ ។

លោក ពូទីន បានបញ្ជាក់ អំពីជំហររបស់គាត់ជាថ្មីថា ការឈ្លានពានរបស់រុស្ស៊ី នៅខែកុម្ភៈ ឆ្នាំ២០២២លើអ៊ុយក្រែន បានជួយសង្គ្រោះប្រជាជន ពីមេដឹកនាំជាតិនិយមនៅក្រុង គៀវ ដែលបានធ្វើឲ្យមាន “សង្រ្គាមស៊ីវិលកើតឡើងទាំងស្រុង” និង “ភេរវកម្មប្រឆាំងនឹងអ្នកដែលខ្វែងគំនិតគ្នា” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top