អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានឲ្យដឹងថា គោលដៅនាំចេញផ្នែកការពារជាតិ របស់ប្រទេសតួកគី គឺលើសពី ៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ថ្លែងនៅឯមហោស្រពបច្ចេកវិទ្យានៅខេត្ត Izmir ភាគខាងលិច លោក Erdogan បានលើកឡើងថា ប្រទេសរបស់លោក បាននិងកំពុងអនុវត្តគម្រោងការពារជាតិចំនួន ៨៥០ ផ្សេងៗគ្នា។
លោក Erdogan បានថ្លែងទៅកាន់អ្នកទស្សនានៅឯ TEKNOFEST ដែលជាពិព័រណ៍អាកាសចរណ៍ លំហ និងបច្ចេកវិទ្យាដ៏ធំបំផុតរបស់តួកគីថា “ជាមួយនឹងគំនិតផ្តួចផ្តើមឧស្សាហកម្មការពារជាតិរបស់យើង ការនាំចេញរបស់យើងកំពុងកើនឡើងយ៉ាងខ្លាំង”។
លោកប្រធានាធិបតីបានកត់សម្គាល់ថា ប្រទេសរបស់លោ កបាននិងកំពុងបំពេញការសាកល្បងយ៉ាងឆាប់រហ័សនូវយន្តហោះចម្បាំង Kizielma ដែលជាយន្តហោះដ្រូន ដែលមានសមត្ថភាពបាញ់មីស៊ីលពីអាកាសទៅអាកាស។
លោកបានបន្ដថា “ជាមួយនឹង យន្ដហោះដ្រូន Kizilelma ចូលទៅក្នុងសារពើភ័ណ្ឌ យើងនឹងបំបែកមូលដ្ឋានថ្មី នៅក្នុងវិស័យនេះ” ហើយលោកថា តួកគី ក៏បាននិងកំពុងចាត់វិធានការ ក្នុងការផលិតយន្តហោះចម្បាំងជំនាន់ទី៥ KAAN ផងដែរ។
មេដឹកនាំតួកគីរូបនេះ ក៏បានរំលឹកផងដែរថា កាលពីខែមេសា តួកគី បានបញ្ជូននាវាដ៏ធំបំផុតរបស់ខ្លួន TCG Anadolu ដែលជានាវាវាយប្រហារបែប amphibious របស់កងទ័ពជើង ទឹកតួកគី ដែលអាចត្រូវបានកំណត់រចនាសម្ព័ន្ធ ជាកន្លែងចតឧទ្ធម្ភាគចក្រចុះចត និងជានាវាផ្ទុកយន្តហោះដ្រូន៕
ប្រែសម្រួល ឈូក បូរ៉ា