ព័ត៌មានអន្តរជាតិ

បំផ្ទុះគ្រាប់បែកអត្តឃាត ក្បែរអគាររដ្ឋាភិបាលតួគីកណ្តាលទីក្រុងអង់ការ៉ា

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាមានហេតុការណ៍បផ្ទុះគ្រាប់បែកអត្តឃាតមួយបានកើតឡើងនៅក្បែរទៅនឹងទីស្នាក់ការកណ្តាល នៃក្រសួងមហាផ្ទៃរបស់ប្រទេសតួគីដែលស្ថិតនៅក្នុងទីក្រុងអង់ការ៉ា។

ប្រភពដដែលបានសរសេរទៀតថា ការ​បំផ្ទុះ​បានកើតឡើងនៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​គឺ​ជា​ការ​ប៉ុនប៉ង​វាយប្រហារ​ភេរវកម្ម​នេះ​បើ​តាម​អាជ្ញាធរហើយ ជនដៃដល់ចំនួន២នាក់ ដែលជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះ ម្នាក់បានបំផ្ទុះខ្លួនឯង ចំណែកម្នាក់ទៀតត្រូវបានកម្លាំងសន្តិសុខចាប់ខ្លួនបាន។

មន្ត្រី​បាន​និយាយ​ថា មន្ត្រី​ប៉ូលិស​ពីរ​នាក់​បាន​រង​របួស​ក្នុង​ការហេតុការណ៍នេះហើយជាការឆ្លើយតបទៅនឹងការវាយប្រហារនេះ ប្រធានាធិបតី Recep Tayyip Erdogan បាននិយាយថា ក្រុមភេរវករ នឹងមិនជោគជ័យក្នុងការបំផ្លាញសន្តិភាព និងសន្តិសុខនៅក្នុងប្រទេសតួគីជាដាច់ខាត។

គួរឲ្យដឹងដែរថាការវាយប្រហារដោយគ្រាប់បែកអត្តឃាតបានកើតឡើងនៅថ្ងៃដែលសភារបស់ ប្រទេសតួគីត្រូវបានកំណត់ពេលដើម្បីកោះប្រជុំឡើងវិញបន្ទាប់ពីការឈប់សម្រាករដូវក្តៅរបស់ខ្លួនហើយ របាយការណ៍បង្ហាញថា ទោះបីជាយ៉ាងណាក្តីសម័យប្រជុំត្រូវបានរំពឹងថានឹងដំណើរការតាមការគ្រោងទុកដដែល៕ ប្រែសម្រួល៖ស៊ុនលី

To Top