ព័ត៌មានជាតិ

ព្រឹទ្ធសភា លើកទឹកចិត្តរដ្ឋាភិបាលថ្មី បង្កើនសកម្មភាពដោះស្រាយ ដើម្បីពន្លឿនសន្ទុះការរីកចម្រើនសង្គម

រូបភាពពីព្រឹទ្ធសភា

ភ្នំពេញ៖ ព្រឹទ្ធសភាជាតិ បានលើកទឹកចិត្តរាជរដ្ឋាភិបាលថ្មី ត្រូវបង្កើនសកម្មភាពដោះស្រាយបញ្ហានៅសេសសល់ ដើម្បីពន្លឿនសន្ទុះ នៃការរីកចម្រើនសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ព្រមទាំងជឿជាក់ផងដែរ។ នេះបើតាមលោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា នាថ្ងៃ២ តុលា ក្រោយបើកសម័យប្រជុំលើកទី១១ នីតិកាលទី៤ ដើម្បីស្ដាប់របាយការណ៍របស់ គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពី សកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី១០ និងលើកទី១១។

លោក ម៉ម ប៊ុននាង មានប្រសាសន៍បន្តថា តាមដំណើរបេសកកម្មទៅកាន់មូលដ្ឋាន ព្រឹទ្ធសភា វាយតម្លៃខ្ពស់ ចំពោះលទ្ធផល និងសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច លើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលខិតខំសម្រេចបាន ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសេដ្ឋកិច្ចជាតិបន្តមានកំណើនវិជ្ជមាន ដើម្បីពង្រឹងគោលនយោបាយគាំពារសង្គម ដោយធានាបាននូវជីភាពរស់នៅរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទូទាំងប្រទេស។

លោកបន្តថា ជារួមរាជរដ្ឋាភិបាល បានបន្តជំរុញអនុវត្តន៍ដោយសកម្ម នូវរាល់កំណែទម្រង់រដ្ឋស៊ីជម្រៅរបស់ខ្លួន លើគ្រប់វិស័យដោយប្រកាន់យក អភិបាលកិច្ចល្អជាស្នូល ហើយដំណើរការអនុវត្ត លទ្ធិប្រជាធិបតេយ្យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ និងកំពុងបន្តទៅមុខដោយរលូនតាមគន្លងនីតិរដ្ឋ ដោយឆ្លុះបញ្ចាំងតាមរយៈ ការបោះឆ្នោតអាណត្តិទី៧កន្លងទៅ ។

ជាមួយនេះ ព្រឹទ្ធសភាជាតិ បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រដ៏ថ្លៃថ្លាពីគ្រប់មជ្ឈដ្ឋានដៃគូនានា និងគ្រប់ស្ថាប័នជាតិ ដែលញ៉ាំងឲ្យព្រឹទ្ធសភាដំណើរការ ទៅមុខដោយរលូន ៕

To Top