ព័ត៌មានអន្តរជាតិ

វិធានការបង្ការចាំបាច់ ពិតជាត្រូវការ ដើម្បីដោះស្រាយ ការប្រែប្រួលអាកាសធាតុ

Sumana

ទុយនីស៖ រដ្ឋមន្ត្រីក្រសួងអប់រំឧត្តមសិក្សា និងស្រាវជ្រាវវិទ្យាសាស្ត្រទុយនេស៊ី លោក Moncef Boukthir បានឲ្យដឹងថា ការដោះស្រាយការប្រែប្រួលអាកាសធាតុ តម្រូវឱ្យមានវិធានការបង្ការជាច្រើន ក្នុងករណីមានគ្រោះមហន្តរាយ ទាក់ទងនឹងអាកាសធាតុ។

លោកបានថ្លែងសុន្ទរកថា នៅទីនេះក្នុងពិធីបើកសន្និសិទអារ៉ាប់-អាហ្រ្វិក ស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយ​ថា ការស្រាវជ្រាវវិទ្យាសាស្ត្រ គឺជាឧបករណ៍សំខាន់ក្នុងការ កាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ និងការពារសង្គមពីផលប៉ះពាល់បំផ្លិចបំផ្លាញ ​របស់ពួកគេ។

លោករដ្ឋមន្ត្រីបានលើកឡើងថា ការកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ ទាមទារឱ្យមានការបោះជំហាន នៃការស្រាវជ្រាវវិទ្យាសាស្ត្រ ក្នុងការព្យាករណ៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ក្នុងការចែករំលែកព័ត៌មាន និងបទពិសោធន៍។

លោកបានរំលឹកឡើងវិញពីភាពចាំបាច់ ក្នុងការលើកកម្ពស់ការយល់ដឹង និងផ្តល់ការបណ្តុះបណ្តាលចាំបាច់ ដើម្បីធានាបាននូវការគ្រប់គ្រងបានត្រឹមត្រូវ សម្រាប់គ្រោះមហន្តរាយធម្មជាតិ ក៏ដូចជាការបង្រៀនមនុស្សជំនាន់ក្រោយ អំពីរបៀបដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន។

លោកបន្ដថា ទុយនេស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលងាយរងគ្រោះបំផុត ចំពោះគ្រោះមហន្តរាយដោយសារទីតាំង ភូមិសាស្ត្ររបស់ខ្លួនទាំងនៅក្នុងតំបន់មេឌីទែរ៉ាណេ និងក្នុងតំបន់អារ៉ាប់-អាហ្វ្រិក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top