ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ប្ដេជ្ញាចិត្តខ្ពស់ អនុវត្តកម្មវិធីកំណែ ទម្រង់នគរបាលជាតិ

រូបភាពដើមអម្ពិល

កណ្ដាល ៖ លោកឧបនាយកដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញអំពីការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តកម្មវិធីកំណែ ទម្រង់នគរបាលជាតិ ដោយផ្អែកលើកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់យុវរាជរដ្ឋាភិបាល ។

ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត២ ជំនាន់ទី៤ និងវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅថ្ងៃ៤ តុលា លោកឧបនាយកដ្ឋមន្រ្តី ស សុខា បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្ម របស់ថ្នាក់ដឹកនាំគ្រប់កម្រិត សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បានខិតខំបំពេញតួនាទី និង ភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លើការងារដឹកនាំគ្រប់គ្រង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកសាងធនធានមនុស្ស ផ្នែកកងកម្លាំងនគរបាលជាតិ ដើម្បីបម្រើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបានល្អប្រសើរ ។

លោកឧបនាយកដ្ឋមន្រ្តីបញ្ជាក់ថា «សូមប្ដេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តកម្មវិធីកំណែ ទម្រង់នគរបាលជាតិ ដោយផ្អែកលើកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណរបស់យុវរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងទស្សនវិស័យជឿនលឿន របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងពង្រឹង សមត្ថភាពជំនាញ និងលើកកម្ពស់ការ គោរពក្រម សីលធម៌វិជ្ជាជីវៈ របស់កងកម្លាំង នគរបាលជាតិ ដើម្បីបំពេញភារកិច្ចស្នូល របស់ខ្លួននៅតាមអង្គភាពនានា បានល្អប្រសើរ និង ប្រកបដោយប្រសិទ្ធភាព ស្របតាមការវិវឌ្ឍ របស់សង្គមជាតិ សភាពការណ៍សន្តិសុខជាតិ និងអន្តរជាតិ និងការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល»។

លោកឧបនាយកដ្ឋមន្រ្តីបន្ថែមថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាការងារអាទិភាព ទី១ ក្នុងចំណោមលំដាប់អាទិភាពទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ ក្នុងន័យនេះ ការបណ្តុះ បណ្តាលមន្ត្រីនគរបាលជាតិ គឺ ជាការងារចាំបាច់មួយដែលត្រូវតែបន្តធ្វើជាប្រចាំ សំដៅលើកកម្ពស់ សមត្ថភាពវិជ្ជាជីវៈគ្រប់ជំនាញ និងគ្រប់កម្រិតឲ្យឆ្លើយតប តាមសំណូមពរ របស់សង្គមជាតិ ក្នុងបរិបទថ្មីនេះ៕

To Top