ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឲ្យជ្រើសរើសនាយកសាលារៀន ត្រូវតែមានសមត្ថភាព

ភ្នំពេញ ៖ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញបញ្ជាឲ្យជ្រើសរើសនាយកសាលារៀននៅទូទាំងប្រទេស ត្រូវតែមានសមត្ថភាពក្នុងការគ្រប់គ្រងសាលា ព្រោះជាអ្នកគ្រប់គ្រងផ្ទាល់ ។

ក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលយើងត្រូវគិតនិងយកចិត្តទុកដាក់ និងជួយ ហើយតួអង្គពីរគឺអ្នកគ្រូលោកគ្រូ និងនាយកសាលា។ នាយកសាលាសំខាន់ណាស់ គាត់គឺជាអ្នកដឹកនាំគ្រប់គ្រងផ្ទាល់ជាគំរូនៅក្នុងសាលាសម្រាប់គ្រូ និងសិស្ស បើគាត់ធ្វើល្អ គ្រូក៏ធ្វើតាមគាត់ហើយសិស្សនឹងយកគំរូតាម អីចឹងគំរូនឹងធ្វើតាមគ្នា»។

នៅចំពោះមុខ អ្នកគ្រូ លោកគ្រូ ជាច្រើននាក់ សម្តេចធិបតីសង្កត់ធ្ងន់ពីអត្តចរឹករបស់នាយកសាលាទៀតថា «នាយកសាលសំខាន់ណាស់ មិនថាតែសាលាទេ គ្រប់ស្ថាប័នទាំងអស់ប្រធាន គឺជាគំរូ ហើយជាមជ្ឈមណ្ឌលនៃការសាមគ្គីផ្ទៃក្នុង ។ នាយកសាលាប្រៀបដូចជាឪពុកក្នុងស្ថាប័នមួយ បើសាលាបែកបាក់ មួយផ្នែកតូចក៏មកពីធាតុផ្សំនៃភាពជាដឹកនាំរបស់នាយកសាលាដែរ”។

សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា នាយកសាលាគឺជាអ្នកកំណត់នៃគោលការណ៍ដែលជះឥទ្ធិពលបរិស្ថានក្នុងសាលារៀន។ សាលាមានវិន័យល្អ ក៏លោកគ្រូសប្បាយចិត្តក្នុងការបង្រៀនផងដែរ។

សម្តេចធិបតីគូសបញ្ជាក់ថា «កត្កាសំខាន់ណាស់ការជ្រើសរើសនាយកសាលា ឥឡូវយើងមានវិមជ្ឈការចំណុចនេះខ្ញុំបានឲ្យឯកឧត្តមសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ពិភាក្សាជាមួយឯកឧត្តម ហង់ ជួនណារ៉ុនរឿងវិមជ្ឈការរឿងនាយកសាលា ពិតណាស់យើងចង់ផ្តល់សិទ្ធិក្នុងការផ្តល់ដល់ដែលស្រុកខ្លះអភិបាលស្រុកខ្លះជ្រើសរើសនាយកសាលា»។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា ត្រូវតែមានការគិតគូរពីការជ្រើសរើសនាយកសាលាចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់មធ្យមសិក្សា ។ដំណាក់កាលនេះ ជាដំណាក់កាលត្រូវពង្រឹងនូវអ្វីដែលមានសម្រាប់នៅតាមមូលដ្ឋាន ស្រុក-ឃុំ ។

ពាក់ព័ន្ធជ្រើសរើសនាយកសាលានេះដែរ សម្តេចគូសបញ្ជាក់ថា «អីចឹងការជ្រើសរើសនាយកសាលាត្រូវគិតគូរ ហើយលើកសំណើរមកខ្ញុំថា ត្រូវធ្វើយ៉ាងម៉េច ព្រោះថាបើយើងរើសនាយកសាលាមិនស្រួលគឺយើងពិបាក។ បើយើងមានមនោសញ្ចេតនាជាមួយមនុស្សម្នាក់ ប៉ុន្តែវាធ្វើឲ្យខូចអនាគតមួយស្រុក តើយើងទទួលសុខត្រូវទេ? បើយើងជ្រើសរើសនាយកសាលាដែលល្អគាត់ប្រាកដប្រជាដឹកនាំសាមគ្គីភាពល្អ កូនចៅយើងរួមទាំងកូនចៅហ្វាយស្រុកដែលទៅរៀនគឺល្អហើយ»។

ចំពោះករណីរឿងនាយកសាលានេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកពីករណីស្រុកគេនៅបរទេសថា ឪពុកម្តាយសុខចិត្តបោះបង់ការងារចោល ដោយទ្រាំបញ្ជូនកូនរៀននៅសាលារៀនល្អៗ ។
សម្តេចធិបតីបានបន្ថែមថា បើសិនសាលារៀនមួយល្អ នឹងមានអ្នកចង់យកកូនរៀន ៕

To Top