ព័ត៌មានអន្តរជាតិ

បារាំង នឹងចាប់ផ្ដើមដកកងទ័ពរបស់ខ្លួនចេញពីប្រទេសនីហ្សេ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ

រូបភាពពី៖​ AFP

ប៉ារីស៖ បុគ្គលិកការពារជាតិចម្រុះបារាំងបានឲ្យដឹងថា សប្តាហ៍នេះ ប្រទេសបារាំង នឹងចាប់ផ្តើមដកទាហានរបស់ខ្លួន ដែលដាក់ពង្រាយនៅក្នុងប្រទេសនីហ្សេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទីបញ្ជាការយោធាបារាំងត្រូវបានដកស្រង់ដោយកាសែតបារាំង Le Figaro ដែលបានចុះផ្សាយថា “យើងនឹងចាប់ផ្តើមប្រតិបត្តិការផ្តាច់ខ្លួនរបស់យើងនៅសប្តាហ៍នេះ ក្នុងសណ្តាប់ធ្នាប់ល្អ សុវត្ថិភាព និងនៅក្នុងការសម្របសម្រួលជាមួយពួកនីហ្សេរីយ៉ា” ។

យោងតាមបុគ្គលិកការពារជាតិរួម ទាហានបារាំងប្រហែល ១០០០នាក់មានមូលដ្ឋាននៅក្នុងទីក្រុងណៃមី រដ្ឋធានីនីហ្សេ និង ៤០០នាក់ទៀតនៅភាគពាយ័ព្យនៃប្រទេស នៅជិតតំបន់ដែលគេហៅថា “ព្រំដែនបី” រវាងប្រទេសនីហ្សេ ប៊ូគីណាហ្វាសូ និងម៉ាលី។

ទីបញ្ជាការកងទ័ពបារាំងបានឲ្យដឹងថា “យើងកំពុងចាត់វិធានការ ដើម្បីធានាសុវត្ថិភាពរបស់ប្រជាជនដែលចូលរួមក្នុងសមយុទ្ធ” ។

នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានឲ្យដឹងកាលពីចុងខែកញ្ញាថា ប្រទេសបារាំងនឹងដកកងទ័ពរបស់ខ្លួន ដែលដាក់ពង្រាយនៅក្នុងប្រទេសនីហ្សេនៅចុងឆ្នាំ២០២៣។

លោកបានលើកឡើងថា “យើងកំពុងបញ្ចប់កិច្ចសហប្រតិបត្តិការយោធារបស់យើងជាមួយអាជ្ញាធរពិតប្រាកដនៃប្រទេសនីហ្សេ ពីព្រោះពួកគេលែងចង់ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដោយបន្ថែមថា ប្រទេសបារាំង នឹងពិគ្រោះជាមួយរបបយោធាដើម្បីធ្វើឱ្យការដកទ័ពនេះធ្វើឡើងដោយសន្តិវិធី”។

លោក ម៉ាក្រុង បានលើកឡើងថា “យើងនឹងបន្តគាំទ្រទ្វីបអាហ្រ្វិកក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ប៉ុន្តែយើងធ្វើដូច្នេះបានលុះត្រាតែវាជាសំណើរបស់មហាអំណាចជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងអាជ្ញាធរក្នុងតំបន់”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top