ព័ត៌មានអន្តរជាតិ

រុស្សី បង្ហាញប្រទេស ដែលនាំចូលគ្រាប់ធញ្ញជាតិ របស់ខ្លួនច្រើនជាងគេបំផុត

រូបភាពពី៖​ Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហភាពអ្នកនាំចេញគ្រាប់ធញ្ញជាតិរុស្សី បានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញថា ប្រទេសអេហ្ស៊ីបបានក្លាយជាប្រទេសនាំចូលគ្រាប់ធញ្ញជាតិលំដាប់កំពូលរបស់រុស្ស៊ី បន្ទាប់ពីបានទិញជាងពីរលានតោនក្នុងរយៈពេលត្រឹមតែបីខែ។

ប្រភពដដែលបានឲ្យដឹងទៀតដែរថា ចាប់ពីខែកក្កដាដល់ខែកញ្ញា រដ្ឋាភិបាលទីក្រុងគែរបានទិញគ្រាប់ធញ្ញជាតិចំនួន២០៣១លានតោន ពោលគឺកើនឡើង ៩,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលប្រទេសនេះបាននាំចូលចំនួន ១៨៦២លានតោន។

កាលពីដើមខែនេះ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថា នៅក្នុងការចាកចេញពីវិធីប្រពៃណីរបស់ខ្លួនក្នុងការទិញគ្រាប់ធញ្ញជាតិតាមរយៈការដេញថ្លៃ អេហ្ស៊ីបបានទិញស្រូវសាលីប្រហែល៥០ម៉ឺនតោនពីប្រទេសរុស្ស៊ីក្នុងកិច្ចព្រមព្រៀងឯកជនមួយ។

គួរឲ្យដឹងដែរថាអេហ្ស៊ីបគឺជាប្រទេសមួយក្នុងចំណោមអ្នកនាំចូលស្រូវសាលីកំពូលរបស់ពិភពលោក ហើយការទិញរបស់វាត្រូវបានតាមដានយ៉ាងជិតស្និទ្ធក្នុងនាមជាស្តង់ដារពិភពលោក។

គិតត្រឹមក្នុងខែកក្កដា និងសីហា ប្រទេសអេហ្ស៊ីបបានបង្កើនការនាំចូលស្រូវសាលីរបស់រុស្ស៊ីចំនួន១១,៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន១,២៨លានតោន នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយសហភាពអ្នកនាំចេញគ្រាប់ធញ្ញជាតិដដែលនេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top