ព័ត៌មានអន្តរជាតិ

លោក Biden គ្រោង នឹងជួបជាមួយ នឹងលោក Xi នៅខែវិច្ឆិកា

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតរ៉យទ័របានឲ្យដឹងថា សេតវិមានកំពុងរៀបចំផែនការក្នុងការទទួលស្វាគមន៍វត្តមានរបស់លោកប្រធានាធិបតីចិន Xi Jinping មកកាន់សហរដ្ឋអាមេរិកនៅខែវិច្ឆិកាខាងមុខ។

ប្រភពដដែលបានឲ្យដឹងទៀតដែរថាក្នុងនោះសេតវិមានក៏នឹងរៀបចំជំនួបដោយផ្ទាល់រវាងលោកប្រធានាធិបតីអាមេរិក Joe Biden ជាមួយនឹងលោក Xi ផងដែរក្នុងប្រធានបទដើម្បីស្តារនិងធ្វើឲ្យស្ថេរភាពឡើងវិញចំពោះបញ្ហារកាំរកូសទាំងឡាយរវាងគ្នានាពេលកន្លងមក។

ទំនាក់ទំនងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោកមានភាពតានតឹងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារបញ្ហាមួយចំនួនរួមមានទាំងបញ្ហានៃកោះតៃវ៉ាន់ ដើមកំណើតនៃជំងឺរាតត្បាត COVID-19 ការចោទប្រកាន់ពីចារកម្ម បញ្ហាសិទ្ធិមនុស្ស និងពន្ធពាណិជ្ជកម្ម ក្នុងចំណោមបញ្ហាផ្សេងៗទៀតផងដែរ។

ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ពិសេស​លើ​របាយការណ៍​របស់​កាសែត​នេះ​ទេហើយអ្នកនាំពាក្យរបស់ស្ថានទូតម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា ប្រទេសទាំងពីរនៅតែស្ថិតក្នុងការបន្តទំនាក់ទំនងគ្នានៅឡើយ ហើយទាមទារនូវការទុកចិត្តគ្នាឡើងវិញជាមុនសិនខណៈដែលសេតវិមានក៏មិនមានការអត្ថាធិប្បាយភ្លាមៗច្រើនជាងនេះនោះដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top