ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តពលរដ្ឋចុះឈ្មោះ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនមែនជាការបង្ខំឡើយ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា យុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ មិនមានចរិតបង្ខិតបង្ខំឲ្យប្រជាពលរដ្ឋ ចូលរួមចុះបញ្ជីនោះឡើយ តែជាការលើកទឹកចិត្តឲ្យចូលរួម។

សេដ្ឋកិច្ចក្រៅប្រព័ន្ធ មានន័យថា ប្រព័ន្ធនៃការធ្វើពាណិជ្ជកម្ម ឬការដោះដូរទំនិញ និងសេវា ដែលច្បាប់មិនតម្រូវឲ្យចុះបញ្ជី។ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្តល់នូវការបង្កើតមុខរបរការងារធ្វើ និងប្រាក់ចំណូល ប៉ុន្តែក៏អាចបង្កឲ្យមានផលវិបាកក្នុងការ គ្រប់គ្រងបរិស្ថានសុវត្ថិភាពចំណីអាហារ ការប្រមូលពន្ធជាដើម។

ក្នុងប្រកាសដាក់ឲ្យដំណើរការ ជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ពលរដ្ឋចុះបញ្ជីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ដើម្បីរាជរដ្ឋាភិបាល អាចគ្រប់គ្រងទិន្នន័យបានច្បាស់លាស់។

សម្ដេចធិបតី គូសបញ្ជាក់ថា «បងប្អូនមិនត្រូវបង្ខិតបង្ខំទេ បងប្អូនត្រូវបានលើកទឹកចិត្តខ្ពស់ ឲ្យបានចូលរួម (ចុះបញ្ជីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ) នៅពេលបងប្អូនចូលរួមដោយស្ម័គ្រចិត្ត បងប្អូននឹងទទួលបាននូវ ការលើកលែងពន្ធប្រកាស លើកលែងអនុគ្រោះនូវពិន័យផ្សេងៗ ដែលពាក់ព័ន្ធធ្វើការអនុលោមភាព ក៏ដូចជា ពន្ធលើកទឹកចិត្តផ្សេងៗ»។

សម្ដេចធិបតីបន្ដថា ក្រៅពីការលើកលែងផាកពិន័យបំណុល និងលើកទឹកចិត្តខាងពន្ធដារនោះ ប្រជាពលរដ្ឋទទួលបានការបណ្ដុះបណ្ដាលនានា ពាក់ព័ន្ធការអភិវឌ្ឍ និងការគ្រប់គ្រងសហគ្រាស ដើម្បីលើកកម្ពស់សមត្ថភាព ផលិតផល និងសហគ្រាស កាន់តែរឹងមាំថែមទៀត។ ការចុះបញ្ជីនេះ ក៏បានជួយប្រជាពលរដ្ឋ ទទួលបានហិរញ្ញប្បទាន ជាមួយនឹងអត្រាការប្រាក់សមរម្យពីធនាគាររដ្ឋផងដែរ។

សូមបញ្ជាក់ថា យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ មានគោលបំណងលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឲ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា ៕

To Top