ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស គំរាមសម្លាប់ចំណាប់ខ្មាំង ដែលខ្លួនមាន

ប្រភព ៖ AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់RT ក្រុមសកម្មភាពប្រយុទ្ធហាម៉ាស បានអះអាងថា នឹងប្រហារជីវិតចំណាប់ខ្មាំង អ៊ីស្រាអែលម្នាក់ ហើយចាក់ផ្សាយការ សម្លាប់តាមអ៊ិនធឺណេត រាល់ពេលដែលការវាយប្រហារ ដោយមិនមានការព្រមាន ដោយកងកម្លាំង ការពារអ៊ីស្រាអែល (IDF) វាយប្រហារលើទីតាំងជនស៊ីវិល នៅតំបន់ហ្គាហ្សា ។

អ្នកនាំពាក្យរបស់ក្រុមហាម៉ាស Al-Qassam Brigades បាននិយាយនៅក្នុងសារមួយ ដែល ផ្សាយដោយ Al Jazeeraថា រាល់ការវាយប្រហារ ទៅលើជនស៊ីវិលណាម្នាក់ ដោយគ្មានការព្រមាន នឹងត្រូវបានសម្រេច ជាមួយនឹងការប្រហារជីវិត ចំណាប់ខ្មាំងជនស៊ីវិល នៅក្នុងមន្ទីរឃុំឃាំងរបស់យើង។

គាត់បន្តថា៖យើង​នឹង​ត្រូវ​បង្ខំ ​ឱ្យ​ចាក់​ផ្សាយ​ការ​ប្រហារ​ជីវិត​នេះ។ យើង​សោកស្ដាយ​ចំពោះ​ការសម្រេចចិត្ត​នេះ ប៉ុន្តែ​យើង​នឹងទុកឲ្យកិច្ចការងារនេះទៅឲ្យ អ៊ីស្រាអែល និង​ថ្នាក់ដឹកនាំ​ របស់ខ្លួន​ជាអ្នកទទួលខុសត្រូវ។

គួរឲ្យដឹងដែរថាក្រុមហាម៉ាសបានចាប់ទាហាន និងជនស៊ីវិលអ៊ីស្រាអែល ជាច្រើននាក់ ចាប់តាំងពីថ្ងៃសៅរ៍ នៅពេលដែលពួកសកម្ម ប្រយុទ្ធរបស់ខ្លួនបានជ្រៀត ចូលទៅក្នុងការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ នៅជិតតំបន់ហ្គាហ្សា កាលពីព្រឹកថ្ងៃសៅរ៍៕

ប្រែសម្រួល៖ស៊ុនលី

To Top