ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណថា អាមេរិកមានសព្វាវុធ គ្រប់គ្រាន់សម្រាប់អ៊ីស្រាអែល និងអ៊ុយក្រែន

AFP

បរទេស៖ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃច័ន្ទថា ទីក្រុងវ៉ាស៊ីនតោន អាចបំពេញរាល់សំណើរបស់ West Jerusalem សម្រាប់អាវុធ បរិក្ខារ និងគ្រាប់រំសេវ ខណៈពេលដែលបន្តគាំទ្រទីក្រុងគៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីក្រសួងការពារជាតិជាន់ខ្ពស់ម្នាក់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងអាចបន្តការគាំទ្ររបស់ យើងទាំងចំពោះអ៊ុយក្រែន អ៊ីស្រាអែល និងរក្សាការត្រៀមខ្លួនជាសកល របស់យើងផងដែរ” ។

មន្ត្រីរូបនេះបានបន្ថែមនៅពេលក្រោយថា “ខណៈពេលដែលយើងកំពុងផ្តល់ និងបន្តផ្តល់ការគាំទ្រយ៉ាងច្រើនដល់អ៊ុយក្រែន យើងមានការប្រុងប្រយ័ត្នក្នុងការធានាថា យើងក៏អាចឆ្លើយតបទៅនឹងវិបត្តិ និងឧប្បត្តិហេតុផ្សេងទៀត គាំទ្រដៃគូផ្សេងទៀត និងរក្សាការត្រៀមខ្លួនខាងយោធារបស់យើង និងសមត្ថភាពរបស់យើងក្នុងការគាំទ្រអ្នកដទៃ” ។

មន្ត្រីដដែលបានបន្តថា សហរដ្ឋអាមេរិកអាចបំពេញតាម “រាល់សំណើដែលសមភាគី អ៊ីស្រាអែលរបស់យើងបានធ្វើ” ហើយរំពឹងថានឹងឃើញ “ការផ្តល់ជាបន្តបន្ទាប់” លើសំណើមួយចំនួន។ ខណៈពេលដែលបដិសេធចំពោះភាពជាក់លាក់ អ្នកនាំពាក្យបាននិយាយថា នេះអនុវត្តចំពោះប្រព័ន្ធ ‘Iron Dome’ និងប្រព័ន្ធការពារអាកាសផ្សេងទៀត។

មន្ទីរបញ្ចកោណកំពុង “ធ្វើការឱ្យបានលឿនតាមដែលអាចធ្វើទៅបាន” ដើម្បីពន្លឿនការចែកចាយគ្រាប់រំសេវ និងឧបករណ៍ “ដែលត្រូវការចាំបាច់” ក៏ដូចជាទាក់ទងអ្នកម៉ៅការយោធា ដើម្បីពន្លឿនការបញ្ជាទិញ របស់អ៊ីស្រាអែលដែលមិនទាន់សម្រេច។

នៅពេលដែលអ្នកសារព័ត៌មាន បានសម្តែងការព្រួយបារម្ភអំពីរបៀប ដែលអាវុធរបស់អាមេរិកអាចនឹងត្រូវបានប្រើប្រាស់ មន្ត្រីមន្ទីរប៉ង់តាហ្គោនបាននិយាយថា មាន “ការអនុវត្ត និងនីតិវិធីត្រួតពិនិត្យការប្រើប្រាស់ចុងក្រោយដ៏រឹងមាំ” ហើយថា សហរដ្ឋអាមេរិកកំពុង “នៅក្នុងការសន្ទនាឥតឈប់ឈរជាមួយអ៊ីស្រាអែល អំពីផែនការប្រតិបត្តិការរបស់ពួកគេ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top